ករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសអូស្ត្រាលីបានផ្ទុះឡើងសាជាថ្មី ដោយនៅថ្ងៃទី២១ខែធ្នូនេះបានរកឃើញករណីឆ្លងកូវីដ-១៩ ខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយៈពេល២៤ម៉ោង ដោយក្នុងនោះមានករណីជាច្រើនឆ្លងវីរុសបំប្លែងថ្មីអូមីក្រុង។
នៅថ្ងៃទី២១ខែធ្នូនេះ រដ្ឋចំនួន ៣ក្នុងចំណោម៨ នៅក្នុងប្រទេសអូស្ត្រាលីមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់មិនធ្លាប់មានតាំងពីដើមមក។ ជាក់ស្តែងនៅក្នុងរដ្ឋ New South Wales មានករណីឆ្លងកូវីដ-១៩ ដល់ទៅ ៣.០៥៧នាក់ ។ នៅរដ្ឋអូស្ត្រាលីខាងត្បូងមានករណីឆ្លង១៥៤នាក់ និងរដ្ឋ Queensland៨៦នាក់។
ពលរដ្ឋនៅក្នុងរដ្ឋ NSW បាននាំគ្នាទៅធ្វើតេស្ត ក្រោយពេលប៉ះពាល់ដោយផ្ទាល់និងប្រយោលជាមួយអ្នកឆ្លងកូវីដ-១៩។ កូវីដ-១៩ បានផ្ទុះឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសអូស្ត្រាលី ក្នុងនោះមានករណីឆ្លងកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ដែលបានរកឃើញដំបូងនៅចុងខែវិច្ឆិកា។ ករណីឆ្លងកើនឡើងខ្ពស់នៅក្នុងប្រទេសអូស្ត្រាលីនេះបើទោះបីមានពលរដ្ឋចាក់វ៉ាក់សាំងបានជាង ៩០%ហើយក្តី។
ចំពោះស្ថានភាពខាងលើ មន្ត្រីនៅក្នុងរដ្ឋ NSW , Victoria និងអូស្ត្រាលីខាងត្បូង បានស្នើដល់រដ្ឋាភិបាលកាត់បន្ថយពេលវេលាចាក់វ៉ាក់សាំងដូសទីពីរ ។ ជាមួយគ្នានេះដែររដ្ឋធានីCanberra និងរដ្ឋ Tasmania បានអនុម័តច្បាប់ពាក់ម៉ាស់សាជាថ្មី ៕
ដោយ៖ធីរីណា(រូបថត៖Getty)