ខេត្តកំពង់ចាម ៖ មានការចាប់អារម្មណ៍នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អតីតារាសម្តែង និងបង្ហាញម៉ូតអ្នកនាង អ៊ុន អាលីហ្សា ដែលបានបង្ហោះសារសោកសង្រេងជាពន់ពេកអំពីដំណឹងនៃមរណភាពរបស់ម្តាយបង្កើតរបស់នាង។ កាន់តែក្តុកក្តួលអួលដើមករក្រោយពីនាងទើបតែចេញទៅរស់នៅសហរដ្ឋអាមេរិក មិនបានទាំងជូនដំណើរម្តាយជាលើកចុងក្រោយផង។
សារក្តុកក្តួលរំជួលចិត្តមួយបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និងអ្នកសិល្បកររួមអាជីពអានហើយអួលដើមករ សម្រក់ទឹកភ្នែកតាមនោះគឺព្រោះតែការយល់ពីអារម្មណ៍ដែលនាងមាននៅពេលនេះព្រោះតែបែកពីអ្នកមានគុណជារៀងរហូតសូម្បីតែពាក្យលា ឬដង្ហើមចុងក្រោយរបស់អ្នកម្តាយក៏នាងមិនបាននិយាយ។
ដំណឹងនេះបានចែកចាយក្រោយពីអតីតារាសម្តែង និងបង្ហាញម៉ូតរូបនេះបានបង្ហោះសារនៅលើបណ្តាញសង្គមថា ៖ម៉ែអើយម៉ែសំរានទៅពេលនេះម៉ែលែងឈឺចុកចាប់ទៀតហើយហើយកូនក៏លែងបានឃើញម៉ែទៀតដែរម៉ែទៅចោលកូនរហូតហើយ កូនស្តាយណាស់ដែលមិនបានឃើញមុខម៉ែចុងក្រោយម៉ែដ៏កំសក់កូនអើយអោយកូនសូមទោសផងដែរកូនមិនបានទៅបុណ្យសពម៉ែ ម៉ែសួរកូនថាពេលណាមកលែងខ្មែរកូនថាពីឆ្នាំទៀត ម៉ែថាម៉ែចាំកូន ឥឡូវមិនទាន់បានមួយឆ្នាំផងម៉ែទៅចាលកូនបាត់ហើយម៉ែ !ម៉ែ! សូមម៉ែទៅសោយសុខក្នុងសុគិត្តភពចុះម៉ែ កូនស្រលាញ់ម៉ែ”។ សារនេះអមដោយរូបភាពម្តាយដែលបានទទួលមរណភាព និងរូបភាពនៃទឹកភ្នែករបស់តារាស្រីរូបនេះហូររហាម ដែលពិបាកនឹងព័ណនាអំពីអារម្មណ៍មួយនេះ។ អ្នកសិល្បៈ និងអ្នកគាំទ្រនាងជាច្រើនបានផ្ញើសាររំលែកទុក្ខជាបន្តបន្ទាប់ ដែលក្នុងនោះសូម្បីតែមិត្តជិតដិតរបស់អ្នកនាង គឺលោក ស៊ឹម សុរ៉ាមភូម ក៏បានទាំងបង្ហោះសាររំលែកទុក្ខនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកផងដែរ ដោយលោកបានទាំងផ្តល់ជាកម្លាំងចិត្តទៅកាន់តារាសម្តែងស្រីរូបនេះផងដែរ។
លោក ស៊ឹម សុរ៉ាមភូមិបានបញ្ជាក់ ថា ម្តាយបង្កើតរបស់អ្នកនាង អ៊ុន អាលីហ្សា មានឈ្មោះថាចាន់ថន វ័យជាង៧០ឆ្នាំ ដែលមរណភាពរបស់គាត់ព្រោះតែជំងឺនិងឈឺយូរមកហើយដែរ ។ លោកថា សពត្រូវបានតំកល់ទុកធ្វើពិធីបុណ្យតាមទំនៀមទន្លាប់ប្រពៃណីនាតំបន់ផ្សារព្រៃទទឹងស្រុកព្រៃឈរខេត្តកំពង់ចាម ហើយពេលនេះលោកនិងសិល្បករមួយចំនួនទៀតរួមទាំងលោក ម៉ាដូណា កំពុងតែធ្វើដំណើរទៅចូលរួមពិធីបុណ្យសព ព្រោះតែអាលីហ្សា និងម្តាយរបស់នាងគឺជាមនុស្សស្លូតបូត ស្រលាញ់រាប់អានលោក និងសិល្បករមួយចំនួន ទៀត ដែលដំណឹងនេះលោករំពឹងថានឹងមានអ្នកសិល្បករ និងអ្នករាប់អាននាងនិងក្រុមគ្រួសារបានចូលរួម៕
ដោយ ៖ វឌ្ឍនា