ខេត្តព្រះសីហនុ៖ ករណីឃាតកម្មបាញ់សម្លាប់ជនជាតិចិនម្នាក់ ដោយប្រើប្រាស់អាវុធខ្លីបាញ់ចំនួន ៣គ្រាប់ នៅខេត្តព្រះសីហនុ រហូតមកទល់ពេលនេះត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់ ក្នុងនោះជនជាតិចិនម្នាក់ ,ជនជាតិវៀតណាមម្នាក់ និងជនជាតិខ្មែរ២នាក់។ នេះបើយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។
ជាក់ស្ដែងជនសង្ស័យ៤នាក់នេះ៖ ជនដៃដល់ម្នាក់ ជាបុរសជនជាតិចិន, ស្ត្រីជនជាតិខ្មែរចំនួន២នាក់ និងស្រ្តីជនជាតិវៀតណាមម្នាក់ (ចរិតប្រុស) ជាអ្នករួមគំនិត។ រីឯវត្ថុតាងដកហូតបាន៖ អាវុធ ខ្លី១ដើម (CF98-9.ខ្មៅ) បង់២, គ្រាប់9mm ចំនួន១៩គ្រាប់, បំពុងផ្ទប់សម្លេង ១ (ស៊ីឡង់), រថយន្ត ១គ្រឿង ម៉ាក AUDA7 ពណ៌ប្រផេះ, ពិល១ ព្រមទាំងសារធាតុញៀន និងកញ្ឆាមួយចំនួន។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឱ្យដឹងទៀតថា ករណីខាងលើនេះ បានកេីតឡេីងនៅវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីស្នងការដ្ឋាននគរបាលខេត្ត បានទទួលព័ត៌មានពី ប៉ុស្តិ៍នគរបាលសង្កាត់លេខ៤ថា៖ មានបុរសជនជាតិចិនម្នាក់ ត្រូវបានគេបាញ់សម្លាប់ នៅចំណុចក្នុងបុរី BLUE SKY ផ្ទះលេខA252 ជាន់ផ្ទាល់ដី ស្ថិតក្នុងក្រុមទី២២ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
លោកស្នងការ បានបញ្ជាក់បន្ថែមថា៖ ក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យខាងលេីនេះ បានធ្វើឡើងដោយមានកិច្ចសហការល្អជាមួយស្នងការនគរបាលរាជធានី-ខេត្តពាក់ព័ន្ធ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រោមការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាខេត្តព្រះសីហនុ, រតនគីរី, ស្ទឹងត្រែង, កំពត និងរាជធានីភ្នំពេញ ជាពិសេសក៏មានការចូលរួមពីនាយកដ្ឋានកណ្ដាលសន្តិសុខ និងនាយកដ្ឋានព្រហ្មទណ្ឌ ដោយប្រើរយៈពេល១៤ថ្ងៃ។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៤នាក់នេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌកម្រិតស្រាលខេត្ត នាំយកទៅសាកសួរដេីម្បីបន្តនីតិវិធី៕
ដោយ៖ស តារា