ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជំនាញ​ក្រសួងសាធារណការ ពិនិត្យពិភាក្សាបន្ថែមលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្ដោយផ្លូវថ្នល់

ចែករំលែក៖

ភ្នំពេញ​៖​ នេះបើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅរសៀល​ថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែធ្នូឆ្នាំ២០២១​ បានឱ្យដឹងថា​ នៅទីស្តីការក្រសួង លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារជំនាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យពិភាក្សាបន្ថែមលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្ដោយផ្លូវថ្នល់ ក្រោយពីបានបញ្ចប់កិច្ចពិភាក្សាជុំទីមួយ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធក្រោមឱវាទក្រសួង។

សូមជម្រាបជូនថា៖ សេចក្តីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្ដាញផ្លូវថ្នល់ ដែលទើបបានបញ្ចប់ការពិភាក្សានាពេលថ្មីៗកន្លងទៅនេះ ត្រូវបានក្រុមការងាររៀបចំសេចក្តីព្រាងអនុក្រឹត្យនេះលើកយកមកពិនិត្យពិភាក្សាបន្ថែម តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្អស់របស់ឯកឧត្តមទេសរដ្ឋ មន្ត្រី ស៊ុន ចាន់ថុល ដើម្បីឱ្យខ្លឹមសារកាន់តែមានសុក្រឹត្យភាព។  

ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ លោករដ្ឋលេខាធិការ​ បានជំរុញឱ្យសមាជិកអង្គប្រជុំទាំងអស់ យកចិត្តទុកដាក់ឱ្យម៉ត់ចត់លើការផ្ដល់មតិយោបល់ និងធាតុចូល ដើម្បីឱ្យការរៀបចំសេចក្តីព្រាងអនុក្រឹត្យនេះអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ។  

ជាលទ្ធផល អង្គប្រជុំបានឯកភាពកែសម្រួល និងបំពេញបន្ថែមខ្លឹមសារ លើមាត្រា២០ដែលចែងអំពី៖គោលការណ៍ក្នុងការកំណត់ដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ មាត្រា២២ចែងអំពី៖ការកំណត់ដីចំណីផ្លូវលើផ្ទៃរាបនៅតាមបណ្តាញផ្លូវល្បឿនលឿន និងផ្លូវជាតិនៅក្រៅរាជធានី ក្រុង និងទីប្រជុំជន និងមាត្រា២៣ចែងអំពី៖ការកំណត់ដីចំណីផ្លូវលើផ្ទៃរាបនៅតាមបណ្តាញផ្លូវខេត្តបីលេខ និងបួនលេខ។ នៅមានចំនុចពាក់ព័ន្ធមួយចំនួន អង្គប្រជុំឯកភាពដាក់ស្នើសុំយោបល់និងការសម្រេចពីថ្នាក់ដឹកនាំក្រសួង ៕

ដោយ​៖សហការី​


ចែករំលែក៖