ព័ត៌មានទាន់ហេតុការណ៍៖

នាយរងនិងមន្រ្តីប៉ុស្ដិ៍នគរបាលរដ្ឋបាលស្នាមព្រះ២នាក់បានរងរបួសធ្ងន់ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍នៅគ្រាកំពុងបំពេញបេសកកម្ម

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ក្មេងស្ទាវម្នាក់ជិះម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ ក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូងក្នុងល្បឿនលឿនបានជ្រុលទៅបុកមន្រ្តីនគរបាល២នាក់ ដែលកំពុងជិះម៉ូតូឌុបគ្នាល្បាតក្នុងមូលដ្ឋានបណ្ដាលឱ្យរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តបាត់ដំបងភ្លាមៗ ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូក្មេងស្ទាវ នឹងមន្រ្តីប៉ុស្ដិ៍នគរបាលរដ្ឋបាលខាងលើ បានកើតឡើងនៅវេលាម៉ោង៩និង១០នាទីយប់ថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវលំក្រាលក្រួសក្រហម១ខ្សែ ស្ថិតនៅភូមិអណ្ដូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

    លោក វរសេនីយ៍ឯក នាង វុធ អធិការនៃអធិការដ្ឋាននគរបាលស្រុកបាកានបានឱ្យដឹងថា បន្ទាប់ពីចុះពិនិត្យ និងស្រាវជ្រាវជុំវិញទីកន្លែងកើតហេតុឃើញថា នៅវេលាម៉ោងខាងលើមានជនមិនស្គាល់អត្តសញ្ញាណជិះម៉ូតូ១គ្រឿងក្នុងល្បឿនលឿនបានជ្រុលទៅបុកម៉ូតូមន្រ្តីនគរបាលដែលកំពុងឌុបគ្នាពីក្រោយពេញទំហឹង បណ្ដាលឱ្យរងរបួសធ្ងន់ទាំង២នាក់។ ចំណែកជនបង្កហេតុបានគេចបាត់បន្សល់តែវត្ថុតាងម៉ូតូ ប៉ុន្តែត្រូវបានកម្លាំងស្រាវជ្រាវរកអត្តសញ្ញាណឃើញហើយ ។

   លោកអធិការនគរបាលស្រុកបន្តទៀតថា មន្ត្រីនគរបាលបើកបរម៉ូតូម៉ាកស្មាស់រីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1 នគរបាល 2418 ឈ្មោះ យូ សាម៉េត ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាល(នាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្នាមព្រះ)របួសធ្ងន់ និងអ្នករួមដំណើរឈ្មោះ នួន ពេជ្រ ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាល(មន្រ្តីប៉ុស្ដិ៍នគរបាលរដ្ឋបាលស្នាមព្រះ)របួសធ្ងន់ រហូតដល់ម៉ោងនេះនៅមិនទាន់ដឹងខ្លួននៅឡើយ។ វត្ថុតាងម៉ូតូត្រូវបានយកទៅរក្សាទុកជាបណ្តោះអាសន្ននៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្នាមព្រះ រង់ចាំបន្តនីតិវិធី ៕

ដោយ៖ បុឹម ពិន


ចែករំលែក៖