ភ្នំពេញ៖ ពីរនាក់ប្តីប្រពន្ធដែលជាអ្នកប្រកបរបរទិញបន្លែលក់ត្រូវបានជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆក់យកកាបូបលុយអស់ជាង២លានរៀលខណៈដែលពួកគាត់ជិះម៉ូតូមកពីទិញបន្លែវិញ។
យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានស្ត្រីម្នាក់រួមដំណើរជាមួយប្តី បានជិះម៉ូតូវិលត្រឡប់មកពីផ្សារទិញអីវ៉ាន់សម្រាប់លក់ដូរវិញ ក៏ត្រូវក្រុមចោរឆក់មានគ្នា៣នាក់ជិះម៉ូតូ២គ្រឿងមកធ្វើសកម្មភាពឆក់យកកាបូបស្ពាយដែលមានលុយជាង២លានរៀលទៅបាត់។
លុះពេលជនរងគ្រោះស្រែកថាចោរៗដេញតាម ក៏ត្រូវក្រុមជនសង្ស័យបើកម៉ូតូទៅកៀរម៉ូតូជនរងគ្រោះហើយដកយកកូនសោម៉ូតូបោះចោលទៀត គឺពិតជាសាហាវមែន។
ចំពោះហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នៅតាមផ្លូវជាតិលេខ៤ មុខសាលាសង្កាត់ចោមចៅ៣ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
សេចក្តីរាយការណ៍ខាងលើបានបន្តថា ជនរងគ្គ្រោះមានឈ្មោះ ញឹម ម៉ាលី ភេទស្រី អាយុ២៧ឆ្នាំ មុខរបរលក់ដូរនៅផ្សារតាំងកសាង មានប្តីឈ្មោះ តាំង ទីន អាយុ៣២ឆ្នាំ មុខរបរលក់ដូរដូចគ្នា ស្នាក់នៅភូមិចំការឪឡឹក សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិព្រែករំដេង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ ចំណែកលុយកាក់ និងសម្ភារដែលបាត់បង់ក្នុងកាបូបនោះ គឺមានលុយជិត២លានរៀល លុយដុល្លារ១០ដុល្លារ ទូរស័ព្ទដៃម៉ាកសាំសុង មួយគ្រឿង និងឯកសារមួយចំនួនទៀត ។
បើតាមសម្តីជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុ គាត់២នាក់ប្តីបានទៅផ្សារជម្ពូវ័ន ដើម្បីទិញបន្លែ អីវ៉ាន់យកទៅលក់នៅផ្សារតាំងកសាង។ លុះធ្វើដំណើរវិលទៅវិញបានជិះតាមបណ្តោយផ្លូវជាតិលេខ៤ពីលិចទៅកើត ពេលមកដល់មុខសាលាសង្កាត់ចោមចៅ៣ ក៏ស្រាប់តែលេចមុខជនសង្ស័យចំនួន៣នាក់ជិះម៉ូតូ២គ្រឿង ដោយមួយគ្រឿងម៉ាកនិច ពណ៌ស មិនចាំស្លាកលេខ និងមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JA-1882 បានមកធ្វើសកម្មភាពឆក់ ដោយសើយអាវរបស់គាត់ រួចលូកទាញយកកាបូបស្ពាយរបស់គាត់បានសម្រេច ហើយជនសង្ស័យក៏ជិះរត់គេចទៅតាមផ្លូវជាតិលេខ៣បាត់តែម្តង។
ជនរងគ្រោះបន្តថា ពេលនោះគាត់ក៏បានស្រែក រួចដេញតាមពីក្រោយរហូតដល់មុខខ្លោងទ្វារវត្តអង្គត្រគៀត ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល ក៏ត្រូវបានជនសង្ស័យម្នាក់ជិះម៉ូតូហុងដាឌ្រីមមកកៀរឱ្យឈប់ ហើយក៏លូកដកយកកូនសោម៉ូតូរបស់គាត់គប់ចោល។ បន្ទាប់មកជនសង្ស័យនោះក៏បន្តបើករត់គេចខ្លួនទៅបាត់ស្រមោលដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធបាននាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ៣ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមចាប់ក្រុមជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ៕
ដោយ៖ អរុណរះ