ព័ត៌មានទាន់ហេតុការណ៍៖

កំណើនប្រជាពលរដ្ឋអាមេរិក ធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានចាប់តាំងពីបង្កើតប្រទេសមក

ចែករំលែក៖

នៅថ្ងៃទី២១ខែធ្នូ នាយកដ្ឋាន ជំរឿនសហរដ្ឋអាមេរិកបានចេញផ្សាយទិន្នន័យថ្មីដែលបង្ហាញថា ចំនួនប្រជាជនអាមេរិកបានកើនឡើងតែ ០.១% នៅក្នុងរយៈពេល១ឆ្នាំកន្លងមក ដែលជាសញ្ញានៃអត្រាកំណើនយឺតបំផុតចាប់តាំងពីពេលដែលប្រទេសនេះត្រូវបានបង្កើតឡើង។

នៅក្នុងសេចក្តីប្រកាសរបស់នាយកដ្ឋានជំរឿនប្រជាជនអាមេរិក បានប្រកាសឱ្យដឹងថា ល្បឿននៃកំណើនប្រជាពលរដ្ឋបានថយចុះខ្លាំងបំផុតមិនធ្លាប់មាន ។ ចំណែកចំនួនអ្នកស្លាប់បានកើនឡើងខ្ពស់ ដោយសារតែកូវីដ-១៩ ។ ចំនួនប្រជាជនអាមេរិកើនឡើងតែ ៣៩២.៦៦៥នាក់ក្នុងរយៈពេល១ឆ្នាំ ក្លាយជាឆ្នាំដំបូង ចាប់តាំងពី ឆ្នាំ១៩៣៧មកដែលមានកំណើនពលរដ្ឋក្រោម១លាននាក់។
យោងតាមអ្នកជំនាញផ្នែកប្រជាសាស្រ្ត លោកស្រី Kristie Wilder នៅក្នុងផ្នែកពលរដ្ឋនៃការិយាល័យជំរឿនបានឱ្យដឹងថា កំណើនប្រជាជននៅសហរដ្ឋអាមេរិកបានធ្លាក់ចុះដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19 ធ្វើឱ្យកំណើនទារកកើតមកតិចបំផុត ។ ទាំងនោះហើយទើបបណ្តាលឱ្យមានការថយចុះជាប្រវត្តិសាស្ត្រនៃកំណើនពលរដ្ឋអាមេរិក ។

ចំណុចដែលចាប់អារម្មបំផុតគឺមាន ៣៣រដ្ឋនៅអាមេរិក មានពលរដ្ឋកើនឡើងក្នុងរយៈពេលពីឆ្នាំ២០២០ដល់ឆ្នាំ២០២១ ។ ចំណែក១៧រដ្ឋផ្សេងទៀតគឺមានពលរដ្ឋថយចុះ ដោយក្នុងនោះមាន ១១រដ្ឋមានចំនួនប្រជាជនថយចុះជាង១ម៉ឺននាក់ ៕

ចំនួនប្រជាជនអាមេរិកបានកើនឡើងក្នុងល្បឿនយឺតបំផុតក្នុងអំឡុងពេលជំងឺរាតត្បាត Covid-19។ រូបភាព៖Reuters

ដោយ៖ធីរីណា(រូបថត៖TTXVN.VNA )


ចែករំលែក៖