ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្រ្តី វេង សាខុន អញ្ជើញជាអធិបតី ពិធីប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវ “គោលនយោបាយធនធានមនុស្ស”

ចែករំលែក៖

ភ្នំពេញ ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ មានរៀបចំពិធីប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវ “គោលនយោបាយធនធានមនុស្ស” ស្ថិតក្រោមអធិបតីភាព លោករដ្ឋមន្រ្តី វេង សាខុន និងដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី មកពីក្រសួង សេដ្ឋកិច្ច និងហិរញញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគម៍ ក្រសួងមុខងារសាធារណ: ក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវ: ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក លោកស្រី អ្នកនាងកញ្ញា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំង ២៥ រាជធានី-ខេត្ត និងដៃគូអភិវឌ្ឍមានអង្គការ JICA, FAO, EU, ADB, WB  និងអង្គការ OXFAM ។ 

ជាបឋម លោកទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្សបានអាន  មតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបយ៉ាងក្បោះក្បាយអំពីសាវតានៃដំណើរការរៀបចំ ចងក្រង “គោលនយោបាយធនធានមនុស្ស” នេះ ដោយយោងទៅលើតម្រូវការចាំបាច់នៃការគ្រប់ គ្រង និងអភិវឌ្ឍធនធានមនុស្សប្រកបដោយបរិមាណ គុណភាព និងសមត្ថភាព សម្រាប់បម្រើឲ្យស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធ្វើយ៉ាងណាឲ្យស្របតាមការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងជាពិសេសការអភិវឌ្ឍវិស័យកសិកម្មនាពេលបច្ចុប្បន្ន។ 

ជាកិច្ចចាប់ថ្តើម លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះវត្តមានភ្ញៀវកិត្តិយសជាតិ និងអន្តរ ជាតិដែលបានអញ្ជើញចូលរួមក្នុងពិធីដ៏មានសារសំខាន់នេះ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃនាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសគណៈកម្មការប្រឹក្សាយោបល់សម្រាប់រៀបចំ”គោលនយោបាយធនធានមនុស្ស” នេះ និងការចូលរួមសហការពីបណ្តាអង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងមុខងារសាធារណៈ និងសហភាពអឺរ៉ុបជួយរៀប ចំចងក្រងឯកសារដ៏មានសារៈសំខាន់នេះឡើង ដែលជាយន្តការស្នូលក្នុងការគាំទ្រដល់កម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈឆ្នាំ២០២០-២០៣០ ដើម្បីធានាឱ្យបាននូវទំនើបកម្មស្ថាប័នរដ្ឋ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន សមធម៌ និងយុត្តិធម៌។ លើសពីនេះ ការដាក់ឱ្យដំណើរការជាផ្លូវការនូវ “គោលនយោបាយធនធានមនុស្ស” គឺជាសក្ខីភាពមួយឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការពង្រឹងការគ្រប់គ្រងអង្គភាព និងអភិវឌ្ឍន៍ធនធាន មនុស្សក្នុងវិស័យកសិកម្ម ពិសេសការធានានិរន្តរភាពនៃតួនាទី និងដំណើរការរដ្ឋបាលសាធារណៈឱ្យបានល្អប្រសើរ ដែលស្របនឹងកម្មវិធីអាទិភាពទី៥ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងបានឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋា    ភិបាល នីតិកាលទី៦ នៃរដ្ឋសភា តាមចក្ខុវិស័យ៤ គឺ មនុស្ស ផ្លូវ ភ្លើង និងទឹក ដោយបានតម្កល់ “មនុស្ស” ជាអាទិភាពខ្ពស់ជាងគេបង្អស់ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព និងការយកចិត្តទុកដាក់លើអត្ថប្រយោជន៍របស់ប្រជាជនជាធំ។ 

លោករដ្ឋមន្ត្រីបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានចក្ខុវិស័យច្បាស់លាស់ និងមុតស្រួច គឺការបង្កើនល្បឿននៃការកែទម្រង់អភិបាលកិច្ច ជាពិសេសការអនុវត្តកំណែទម្រង់ស៊ីជម្រៅក្នុងវិស័យ សំខាន់ៗរួមមាន៖ ១- ការធ្វើវិចារណកម្មមុខងារ និងភារកិច្ច រចនាសម្ព័ន្ធគ្រប់គ្រងស្ថាប័ន ២- ការពង្រឹងភាពជាអ្នកដឹកនាំ ៣- ការលើកកម្ពស់គុណាធិបតេយ្យ ៤- ការពង្រឹងសមត្ថភាពគ្រប់គ្រងវិស័យសាធារណៈ និង ៥- ការកែទម្រង់កងកម្លាំងប្រដាប់អាវុធ។ ប្រាកដណាស់ថា ដើម្បីឈានឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅ និងចក្ខុវិស័យនេះ គឺទាមទារចាំបាច់នូវធនធានមនុស្សដែលប្រកបដោយគុណភាព និងសមត្ថភាពខ្ពស់ និងជាពិសេសសម្តេចតេជោ បានចង្អុលបង្ហាញយ៉ាងច្បាស់ថា ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព និងគុណធម៌ គឺជាគន្លឹះដ៏សំខាន់នៃការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់ប្រទេស ជាតិ ឆ្លើយតបទៅនឹងវឌ្ឍនាការនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងបច្ចេកវិទ្យាឌីជីថល ពិសេសក្រប ខណ្ឌគោលនយោបាយ និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ របស់រាជរដ្ឋាភិបាល។ ក្នុងស្មារតីនេះគោលដៅទាំង៤ នៃយុទ្ធសាស្រ្តចតុកោណគឺ “កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព” នៅតែចាំបាច់ និងសមស្របដើម្បីកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០ ដោយមិនមើលរំលងអំពីការពង្រឹងបន្ថែមទៀតលើសមិទ្ធផលសម្រេចបានកន្លងមក និងផ្តោតសំខាន់លើរបៀបវារៈធានា “ប្រសិទ្ធភាព” តាមរយៈការអនុវត្តអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”។

បន្ទាប់ពីដាក់ឱ្យដំណើរការ “គោលនយោបាយធនធានមនុស្ស” លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថាគ្រប់ប្រធានអង្គភាពក្រោមឱវាទក្រសួងត្រូវបំពេញភារកិច្ចជួយជំរុញ បង្កើន លើកទឹកចិត្ត និងផ្តល់ឱកាសឲ្យមន្រ្តីក្រោមឱវាទបានចូលរួមសិក្សារៀនសូត្រ និងបណ្តុះបណ្តាល ដើម្បីពង្រឹង និងពង្រីកទាំងទ្រឹស្តី និងការអនុវត្ត មានសមត្ថភាពក្នុងការបំពេញការងារសាធារណ: ទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ដើម្បីឲ្យដំណើរការនៃការអនុវត្ត “គោលនយោបាយធនធាន មនុស្ស” នេះទទួលបានជោគជ័យ លោករដ្ឋមន្ត្រីបានយកឱកាសនេះ ផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនបន្ថែមទៀតជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទយកទៅធ្វើជាត្រីវិស័យ ចង្អុលបង្ហាញដើម្បីឲ្យការអនុវត្តនេះបានចំគោលដៅរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស ដែលជាឆ្អឹង  ខ្នងដ៏រឹងមាំដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋា ភិបាល ជាពិសេសកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៩-២០៣០ ធានាបាននូវរដ្ឋបាលសាធារណៈផ្តោតលើប្រជាជនជាស្នូល ដែលមានលក្ខណៈខ្លាំង ស្អាតស្អំ និងវៃឆ្លាត    សំដៅគាំទ្រដល់ការអភិវឌ្ឍសង្គមប្រកបដោយបរិយាប័ន្ន សមធម៌ និងយុត្តិធម៌៕

ដោយ ៖ សិលា


ចែករំលែក៖