ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តបន្ទាយមានជ័យបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅបន្ត របស់សាខាកាកបាទក្រហមកម្ពុជា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះលោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់សាខាកាកបាទក្រហមខេត្ត។ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត នាយក-នាយករងសាខា ព្រមទាំងមន្ត្រីសាខាកាកបាទក្រហមខេត្ត។

លោក អ៊ុំ រាត្រី បានធ្វើការកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងអនុវត្តការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីកាកបាទក្រហមទូទាំងខេត្ត ដែលបានបំពេញសកម្មភាពមនុស្សធម៌ ដោយបានលះបង់គ្រប់បែបយ៉ាង ដើមី្បជួយជនរងគ្រោះ និងងាយរងគ្រោះ ពិសេសខណៈដែលប្រទេសជាតិបាននឹងកំពុងជួបនូវវិបត្តិជំងឺកូវិដ-១៩។

លោកក៏បានប្ដេជ្ញាថាខិតខំអនុវត្តឲ្យបានជោគជ័យតាមយុទ្ធសាស្ត្រ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដើម្បីបុព្វហេតុបេសកកម្មមនុស្សធម៌ ក្នុងការកាត់បន្ថយជនងាយគ្រោះ និងជនងាយរងគ្រោះដែលបង្កដោយគ្រោះមហន្តរាយផ្សេងៗ ដើម្បីចូលរួមជាមួយរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើឡើង។

បើតាមលោក សាន ឃិត នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តបានឲ្យដឹងថា ក្នុងឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានខិតខំប្រឹងប្រែងអនុវត្តការងារមនុស្សធម៌ដល់មូលដ្ឋានផ្ទាល់ ទៅលើវិស័យស្នូលទាំង៤ និងបុព្វហេតុរដ្ឋបាល រួមមាន៖

ទី១- ការគ្រប់គ្រងគ្រោះមហន្តរាយ

ទី២-សុខភាព និងការថែទាំសុខភាពសហគមន៍
ទី៣- លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌
ទី៤- ការអភិវឌ្ឍន៍ស្ថាប័ន និងអភិវឌ្ឍន៍ធនធានមនុស្ស និងបុព្វហេតុរដ្ឋបាល និងផ្សេងៗ៕

ដោយ៖ វណ្ណា


ចែករំលែក៖