ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំកម្មវិធីបញ្ជ្រាបការផ្សព្វផ្សាយគុណតម្លៃអូឡាំពិក និងផ្សព្វផ្សាយពីដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅវិទ្យាល័យឫស្សីកែវ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។ នេះបើយោងតាម ប្រភពរូបភាព៖@YuenPunlue នៃផេក (Cambodia 2023) CAMSOC ជាមួយពាក្យស្លោក
#យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា #កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE បញ្ជាក់នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ។
លោក ញ៉ាន សុខវិសាល គ្រូឧទ្ទេសប្រចំាកម្មវិធីនេះ និងជាប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃNOCC បានគូសបញ្ជាក់ថា នេះការបញ្ជាបការផ្សព្វផ្សាយជូនទៅដល់សិស្សានុសិស្សនៅតាមវិទ្យាល័យនានានៅភ្នំពេញ និងបណ្តាខេត្តនានា ដើម្បីលើកឡើងពីអ្វីដែលជាសារៈសំខាន់ៗ ក្រៅអំពីការប្រកួតកីឡាអូឡាំពិក ក្នុងបំណងឲ្យយុវជនបានយកទៅអនុវត្តនៅក្នុងការរស់នៅ និងការសិក្សារបស់ពួកគាត់។ អ្វីដែលរឿងសំខាន់មួយទៀត គឺវាគ្មិនសំខាន់ៗបានបញ្ជ្រាបជូនដល់សិស្សានុសិស្សអំពីការចូលរួមគាំទ្រនៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។
លោកសង្កេតឃើញថា ការចូលរួមរបស់ប្អូនៗសិស្សានុវសិស្ស ពេលនេះគឺពួកគាត់ចូលរួមដោយភាពសប្បាយរីករាយនឹងការលេងកីឡា និងបានស្វែងយល់ពីចំណេះដឹងនៃចលនាអូឡាំពិក ដែលវាគ្មិនយើងបានផ្តល់ជូនដល់ពួកគាត់។ ជាមួយគ្នានោះ យើងបានលើកទឹកចិត្តដល់សិស្សានុសិស្ស អំពីការចូលរួមក្នុងផ្នែកណាមួយ ក្នុងឋានៈម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣៕
ដោយ ៖ សិលា