ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបមុខសញ្ញាម្នាក់រួមទាំងម្សៅពណ៌សសង្ស័យជាសារធាតុញៀន

ចែករំលែក៖

    ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងផ្នែកជំនាញប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានសហការគ្នាចុះឆែកឆេរលំនៅឋានមួយកន្លែង ដោយឃាត់ខ្លួនបុរស១នាក់រួមជាមួយវត្ថុតាងមួយចំនួន ។ 

 ករណីនគរបាលស្រុកភ្នំក្រវាញចុះបង្រ្កាបការរក្សាទុក និងចែកចាយដោយខុសច្បាប់នូវសារធាតុញៀនខាងលើនេះ គឺធ្វើឡើងនៅវេលាម៉ោង១១និង៣០នាទី ព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះស្រ្តីម្នាក់ដែលត្រូវជាម្ដាយក្មេកជនសង្ស័យត្រូវបានឃាត់ខ្លួន ស្ថិតនៅភូមិមល់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

   ប្រភពព័ត៌មានពីមន្រ្តីនគរបាលដែលបានចុះផ្ទាល់បង្ហើបឱ្យដឹងថា ករណីបង្រ្កាបបទល្មើសរក្សាទុក និងចែកចាយដោយខុសច្បាប់នូវសារធាតុញៀននេះ កម្លាំងធ្វើការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាឈ្មោះ អុិន សៅលួន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ប្រភពដដែលបង្ហើបឱ្យដឹងទៀតថា ករណីខាងលើកម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងពាក់ព័ន្ធរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៨កញ្ចប់ធំ ស្មើនឹងទម្ងន់ចំនួន២៩២,៧២ក្រាមថ្លឹងទាំងសម្បកថង់, ជញ្ជីងសង្ស័យសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១គ្រឿង, ថង់សង្ស័យសម្រាប់ច្រកគ្រឿងញៀនមួយចំនួន, ដែកកេះ១, ទូរស័ព្ទចុចពិលចំនួន១គ្រឿង, ថង់ពណ៌ខ្មៅសង្ស័យសម្រាប់លាក់ទុកគ្រឿងញៀនមួយ, ថង់ពណ៌បៃតងសញ្ញារូបតែ១។ ករណីនេះនគរបាលជំនាញកំពុងបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ៕

ដោយៈ បុឹម ពិន


ចែករំលែក៖