ភ្នំពេញ ៖ ក្រៅពីជាស្ថាបនិកសន្តិភាពនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាពពិភពលោកផងដែរ ។ នេះជាការថ្លែងរបស់ លោក ប៉ាន់ខែម ប៊ុនថននាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ។
លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហោះលើ facebook ផ្លូវការថា, ឆ្នាំ២០២២ខាងមុខនេះ កម្ពុជានឹងធ្វើជាប្រធានអាស៊ាន ស្របពេលដែលប្រទេសភូមាកំពុងស្ថិតក្នុងស្ថានភាពមានវិបត្តិផ្ទៃក្នុងដ៏ធ្ងន់ធ្ងរ ។ ក្នុងនាមជាប្រធានអាស៊ាន សម្តេចតេជោហ៊ុន សែននឹងត្រូវដើរតួនាទីសំខាន់បំផុតដើម្បីធ្វើយ៉ាងណារុញស្ថានការណ៍នៅភូមាឲ្យវិលទៅរកភាពធូរស្រាលឡើងវិញ ដើម្បីសន្តិសុខក្នុងតំបន់ ស្របតាមធម្មនុញ្ញាអាស៊ានមានចែងក្នុងជំពូក ៨ មាត្រា ២២ ។
លោក ប៉ាន់ខែម ប៊ុនថននាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តថា, ប៉ុន្មានថ្ងៃនេះ ឃើញមាននិស្សិតភូមាមួយចំនួនតូចបានប្រមាថមេដឹកនាំកម្ពុជាទាំងងងើល ដោយអំពើថោកទាបបំផុត មិនយល់ពីតួនាទីរបស់ប្រធានអាស៊ាន ។ ពួកគេធ្វើនេះប្រហែលជាចង់ឲ្យប្រទេសរបស់គេនៅតែបន្តជម្លោះគ្មានដំណោះស្រាយឬយ៉ាងណា ? ។ សម្រាប់កម្ពុជា បច្ចុប្បន្ន និងទៅអនាគតគឺមានតែសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពតែប៉ុណ្ណោះ ផ្ទុយគ្នាស្រឡះពីភូមាដែលកំពុងតែយ៉ាប់យឺនទាំងមិនដឹងពេលណាចប់ផងនោះ ! ប៉ុន្តែមេដឹកនាំកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ដែលពោរពេញដោយបទពិសោធន៍ក្នុងការដោះស្រាយវិបត្តិប្រទេស មានសន្តានចិត្តចំពោះប្រជាជនភូមា ចង់ឃើញភូមាមានការផ្សះផ្សាសារជាថ្មី ទើបត្រៀមលក្ខណ:ដើម្បីជួយសម្របសម្រួល តែបែរជាត្រូវទទួលរងការប្រមាថទៅវិញ ។
លោក ប៉ាន់ខែម ប៊ុនថននាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា, ក្នុងនាម សម្ពន្ធយុវជនស្រលាញ់សន្តិភាពពិតជាទទួលយកមិនបានជាដាច់ខាតចំពោះការប្រមាថរបស់និស្សិតភូមាមួយចំនួនណានោះ ព្រោះអំពើប្រមាថនេះពិតជាធ្វើឲ្យមានការប៉ះពាល់ដល់កិត្តិយស និងសន្តានចិត្តដ៏ល្អរបស់នាយករដ្ឋមន្ត្រីកម្ពុជា ដែលប្រជាជនកម្ពុជាគោរពស្រឡាញ់ គាំទ្រ និងចាត់ទុកជាស្ថាបនិកសន្តិភាពរបស់កម្ពុជា ។ ជាមួយគ្នានេះ ក៏សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើប្រមាថដ៏ថោកទាបបំផុតនេះ ហើយសូមឲ្យក្រុមមនុស្សទាំងនោះសុំអភ័យទោសចំពោះមេដឹកនាំកម្ពុជាផងដែរ ៕
ដោយ ៖ សុខ ខេមរា