ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ គ្រោះថ្នាក់ចរាចរណ៍ រវាងអ្នកជិះម៉ូតូ និងម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាង

ចែករំលែក៖

      ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចមានមនុស្សចំនួន២នាក់បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងអ្នកជិះម៉ូតូ និងម៉ូតូដូចគ្នា ។

 ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៨ និង៣០នាទី ព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨៤.១៨៥ ចំណុចគល់ស្ពានថ្មមុខពន្ធដា ស្ថិតនៅភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់ ។

 លោកអធិការរងទទួលផែនការងារចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា បន្ទាប់ពីនគរបាលជំនាញចុះស្រាវជ្រាវជុំវិញទីកន្លែងកើតហេតុឃើញថា មុនដំបូងគេឃើញស្រ្តីឈ្មោះ មួន ចន្ថា អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀន មានទីលំនៅភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ធ្វើដំណើរដោយម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1G 6452 បានធ្វើចរាចរណ៍ពីលិចទៅកើត(ឆ្វេងដៃ)រួចឆ្លងថ្នល់ទៅស្ដាំដៃ។ ស្របគ្នាពេលនោះមានអ្នកជិះម៉ូតូ១គ្រឿងម៉ាកហុងដា អឹមអេសអិច ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1BQ 5698 បើកបរដោយឈ្មោះ ហេង សុីហ្វុង ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កាត់សក់ រស់នៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ធ្វើដំណើរក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច។លុះដល់ពេលកើតហេតុ បានបុកពេញទំហឹងជាមួយម៉ូតូខាងលើបណ្ដាលឲ្យដួលរងរបួសធ្ងន់រដូករណែលលើកំណាត់ផ្លូវតែម្តង ។

 លោកអធិការង បន្តទៀតថា ភ្លាមៗនោះជនរងបួសធ្ងន់ទាំង២នាក់ ត្រូវសមត្ថកិច្ចនគរបាលជួយអន្តរាគមន៍ហៅរថយន្តសង្រ្គោះ មកដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗផងដែរ។ ចំណែកវត្ថុតាងម៉ូតូទាំង២គ្រឿង រក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីរងចាំបន្តនីតិវិធី ៕ 

ដោយ៖ បុឹម ពិន


ចែករំលែក៖