ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះបើកប្រតិបត្តិការត្រីកោណមាសតាមខ្សែបន្ទាត់ព្រំដែនខេត្តបន្ទាយមានជ័យបង្ការ ទប់ស្កាត់ បទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចចម្រុះ បានបើកយុទ្ធនាការ ត្រួតពិនិត្យចល័ត បង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ ដើម្បីសុវត្ថិភាពទន្លេមេគង្គ ស្តីពីប្រតិបត្តិការត្រីកោណមាស ១៥១១/២១ តាមខ្សែបន្ទាត់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ជាគោលដៅទី៣ នៅលើផ្លូវជាតិលេខ ៥៩ ស្ថិតនៅចំណុច មុខទីបញ្ជាការដ្ឋានវរសេនាតូចការពារពញរំដែនគោកលេខ៨១៥ ភូមិបន្ទាយទីពីរ ឃុំអូរសំព័រ ស្រុកម៉ាឡៃ  នៅព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២១ នេះ  ។

លោកធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ  ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាក្នុងកិច្ចប្រតិបត្តិការនេះធ្វើឡើងនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ គោលដៅទី៣ នៅលើផ្លូវជាតិលេខ ៥៩ ស្ថិតនៅចំណុច មុខទីបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ស្ថិតក្នុងភូមិបន្ទាយទីពីរ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ក្រោមការដឹកនាំដោយលោក ឧត្តមសេនីយ៍ឯក នាក់ យុន្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន(អ.ជ.ប.គ.ញ), លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យលោក រូបលោកផ្ទាល់ និងលោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ , លោក អភិបាលស្រុកម៉ាឡៃ ,លោកអធិការនិងលោកមេបញ្ជាការ វរសេនាតូចការពារព្រំដែនគោកលេខ៨១៥ រួមទាំងមន្ត្រីក្រោមឱវាទជាច្រើននាក់ ។

លោក  ធិន ស៊ិនដេត បានបញ្ជាក់ថា ប្រតិបត្តិការនេះ យើងបានត្រួតពិនិត្យលើ រថយន្តធុនធំ ៣២គ្រឿង,រថយន្តទេសចរណ៍ ៨៩គ្រឿង, ទោចក្រយានយន្ត ៨៩គ្រឿង ។

ជាលទ្ធផលនៃត្រួតពិនិត្យនេះមិនបានរកឃើញសារធាតុញៀន ឬសារធាតុគីមីដែលអាចផលិតជាសារធាតុញៀនឡើយ៕

ដោយ ៖ វណ្ណា


ចែករំលែក៖