ខេត្តបន្ទាយមានជ័យ៖ កាកសំណល់មី(កម្ទេចមី) អាល់កុលក្លែងក្លាយ និងទំនិញខូចគុណភាពជាង៦តោនត្រូវបានមន្ត្រីសាខា ក.ប.ប យកទៅដុតកម្ទេចចោលនាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នៅក្រុងប៉ោយប៉ែត។
ទំនិញទាំងអស់ដែលមានទម្ងន់៦.៤០៥គីឡូក្រាមមាន កាកសំណល់កម្ទេចមីទម្ងន់២.១២៥គីឡូក្រាម ស្រាបៀររូបសឹង្ហហួសការបរិច្ឆេទទម្ងន់៦៨១គីឡូក្រាម ស្រាបៀរប៊ូឌូស័រទម្ងន់១៨២គីឡូក្រាម ភេសជ្ជៈអាដេហួសការបរិច្ឆេទទម្ងន់១៨២គីឡូក្រាម អាល់កុលក្លែងក្លាយទម្ងន់២.២៩១គីឡូក្រាម ស្មើ៧១ប៊ីដុង ភេសជ្ជៈទឹកក្រូច កូកាកូឡា ទឹកក្រូចដបចម្រុះនិងទំនិញខូចគុណភាពផ្សេងៗមួយចំនួនទៀត។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំខេត្តបន្ទាយមានជ័យបានប្រាប់ថា ដោយមានការណែនាំពីលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងវិធានការពីអគ្គនាយកដ្ឋាន (ក.ប.ប) មន្ត្រីជំនាញបានសហការជាមួយមន្ត្រីស្ថាប័នពាក់ព័ន្ធបានបង្ក្រាបនិងដកហូតទំនិញខូចគុណភាពទាំងនេះរយៈពេល៦ខែដើមឆ្នាំ២០២១នេះ។ ក្រោយពីបង្ក្រាប និងដកហូតរួចមក លោកបានសុំគោលការណ៍ពីលោក កើត សុវណ្ណរ៉េត ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីដុតកម្ទេចចោលតែម្តង។
លោក សាន វិជ្ជាសារ៉ាវុធ បានបញ្ជាក់ទៀតថា អ្នកនាំចូលរាល់ទំនិញដែលខូចគុណភាណដែលមន្ត្រីជំនាញបង្ក្រាបដកហូតបាននៅចុងឆ្នាំ២០២១នេះ ត្រូវកសាងសំណុំរឿងបញ្ជូនទៅសាលាខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់។ ចំណែកករណីម្ចាស់ស្ថានីយ៍ប្រេងដែលមន្ត្រីជំនាញរកឃើញដែលលក់សាំងមិនគ្រប់លីត្រដូចជាលក់សាំង១០០លីត្របានត្រឹមតែ៩០លីត្រ បាញ់តែខ្យល់ចូល ជាបទល្មើសមួយដែលត្រូវមានវិធានការ។ ជាមួយនេះអ្នកលក់ទំនិញខូចគុណភាព និងមិនត្រូវដាក់លក់កម្ទេចមីកញ្ចប់តូចៗ ដែលជាកាកសំណល់ប្រមូលយកមកវេចខ្ចប់ដែលធ្វើឲ្យប៉ះពាល់សុខភាពអ្នកទទួលទាន ជាពិសេសកុមារតូចៗ ដែលនៅតាមសាលារៀនជាដើមនោះទេ៕
ដោយ ៖ វណ្ណា