ភ្នំពេញ៖ បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីកម្ពុជា លោក ឧត្ដមសេនីយឯក ហ៊ុន ម៉ាណែត បានដាក់គោលដៅ របស់លោកធ្វើជាអ្នកនយោបាយតាំងពីឆ្នាំ១៩៩៤ ក្នុង ពេលដែលលោកកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនៅក្នុង ទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក។ នេះបើយោងតាមលិខិតបែកធ្លាយមួយ ដែលសម្តេចតេជោ ហ៊ុនសែន បានបង្ហោះលើផេកផ្លូវការ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។
សូមបញ្ជាក់ថា, ក្នុងលិខិតដែលលោក ហ៊ុន ម៉ាណែត សរសេរជូនសម្តេច តេជោក្នុងអំឡុងឆ្នាំ១៩៩៤និងត្រូវបានទម្លាយដោយ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះឱ្យដឹងថា លោក ហ៊ុន ម៉ាណែត មានបំណងសិក្សាជំនាញចំនួន៣ក្នុងការ រៀបចំគោលដៅនាពេលអនាគតរបស់ខ្លួនគឺ ជំនាញ សេដ្ឋកិច្ច នយោបាយ និងទាហាន។
លោកបានបញ្ជាក់ក្នុងលិខិតនោះថា៖ «ចំពោះខ្ញុំ ខ្ញុំ យល់ថាទាហ៊ាន អ្នកសេដ្ឋកិច្ច និងអ្នកនយោបាយមាន ឥទ្ធិពលណាស់នៅក្នុងសង្គម ការដែលសំខាន់គឺទោះជា អនាគតខ្ញុំអាចទៅជាអ្នកសេដ្ឋកិច្ចរឺក៏ជាអ្នកនយោបាយ គឺ ខ្ញុំចង់បានគ្រឹះរបស់ខ្ញុំជាទាហ៊ាន ព្រោះតាមខ្ញុំមើលប្រវត្តិសាស្ត្រនៅអាមេរិចរឺនៅប្រទេសមួយចំនួនគឺអ្នកដឹកនាំធំៗ ច្រើនចេញពីទាហ៊ានដែរ។ តែនេះជាគំនិតរបស់ខ្ញុំ ខ្ញុំសូម អោយពុកជួយអោយយោបល់ផង តើគំនិតនេះល្អរឺមិន ល្អ» ។
សូមជម្រាបជូនថា, ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ដែលជាឪពុក បានសរសេរលើ ហ្វេសប៊ុករបស់សម្តេចដោយបញ្ជាក់ថា រហូតមកដល់ ពេលនេះគឺមានរយៈពេល២៨ឆ្នាំហើយដែលសម្តេចរក្សា ការសម្ងាត់នៃសំបុត្រនេះ និងថាមិនចាំបាច់បន្តរក្សាការ សម្ងាត់ទៀតទេព្រោះលោក ហ៊ុន ម៉ាណែត បច្ចុប្បន្នកំពុង មានជំនាញទាំង៣ដែលបានដាក់គោលដៅតាំងពី ឆ្នាំ១៩៩៤រួចហើយនោះ។
សម្ដេចតេជោ ហ៊ុនសែន ក៏បានប្រាប់រឿងមួយចំនួនដែលមិនបាន សរសេរក្នុងសំបុត្រដែរថា៖ «អានលិខិតនេះនិង យល់ពីម៉ាណែតកាន់តែច្បាស់ ហើយអ្វីដែលមិនមានក្នុង លិខិតនេះគឺម៉ាណែតបានចូលទៅធ្វើកម្មសិក្សានៅ ធនាគារពិភពលោកដែលត្រូវបានបញ្ជូនទៅធ្វើការងារនៅ ប្រទេសកុងហ្គោបន្ទាប់ពីជាប់បរិញ្ញាបត្រជាន់ខ្ពស់ នៅសកលវិទ្យាល័យញ៉ូវយ៉ក។ ម៉ាណែតធ្លាប់បានទៅ រស់នៅជាមួយគ្រួសារបារាំងមួយនៅប្រទេសបារាំងដោយ ស៊ីឈ្នួលបេះផ្លែប៉ោមឱ្យគ្រួសារនេះដើម្បីរៀន ភាសាបារាំង។ នៅពេលរៀនថ្នាក់បណ្ឌិតនៅ ប្រទេសអង់គ្លេស ម៉ាណែតបានចូលបង្រៀនគណិតវិជ្ជា សម្រាប់និស្សិតឆ្នាំទី២និងទី៣ដើម្បីបានប្រាក់ខ្លះសម្រាប់ ចំណាយកាត់បន្ថយការចំណាយរបស់ឪពុកម្តាយ» ។
សូមបញ្ជាក់ថា, លោក ហ៊ុន ម៉ាណែត អាយុ៤៤ឆ្នាំ គឺជាកូនប្រុសច្បង របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន។ លោកជាជនជាតិកម្ពុជាដំបូងដែលបញ្ចប់ការសិក្សា នៅឯបណ្ឌិតសភាយោធា West Point របស់ សហរដ្ឋអាមេរិក និងជាបណ្ឌិតសេដ្ឋកិច្ច នៃសកលវិទ្យាល័យ Bristol របស់ចក្រភពអង់គ្លេស ផងដែរ។ បច្ចុប្បន្នលោក ហ៊ុន ម៉ាណែត មានឋារន្តរស័ក្តិ ជាឧត្តមសេនីយ៍ឯកផ្កាយ៣ កាន់តួនាទីជាអគ្គមេបញ្ជារង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បាន ប្រកាសគាំទ្រកូនប្រុសច្បងរបស់សម្តេចគឺលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីតពីសម្តេច។ ការ ប្រកាសនេះធ្វើឱ្យមានការសាទរជាបន្តបន្ទាប់ពីជួរថ្នាក់ ដឹកនាំ និងមន្ត្រីរាជការនៅកម្ពុជា។
នៅថ្ងៃស្អែកគណបក្សប្រជាជននឹងមានការប្រជុំ គណៈកម្មការការកណ្តាលគណបក្សដែលបើតាមសម្តេច តេជោបញ្ជាក់កាលពីកន្លងទៅគឺទាក់ទងនឹងការរៀបចំ គណៈរដ្ឋមន្ត្រីបន្តវេនជំនាន់ក្រោយរបស់គណបក្ស ប្រជាជនកម្ពុជា។ សម្តេចបានផ្ដាំឱ្យក្រុមប្រឆាំងចាំមើលពី ភាពសាមគ្គីគ្នារបស់គណបក្សប្រជាជននាថ្ងៃស្អែកនេះ ផងដែរ។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រៅពី ជាស្ថាបនិកសន្តិភាពនៅកម្ពុជា សម្តេច ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាពពិភពលោកផងដែរ ។ ឆ្នាំ២០២២ខាងមុខនេះ កម្ពុជានឹងធ្វើជាប្រធានអាស៊ាន ស្របពេលដែលប្រទេសភូមាកំពុងស្ថិតក្នុងស្ថានភាពមានវិបត្តិផ្ទៃក្នុងដ៏ធ្ងន់ធ្ងរ ។ ក្នុងនាមជាប្រធានអាស៊ាន សម្តេចតេជោហ៊ុន សែននឹងត្រូវដើរតួនាទីសំខាន់បំផុតដើម្បីធ្វើយ៉ាងណារុញស្ថានការណ៍នៅភូមាឲ្យវិលទៅរកភាពធូរស្រាលឡើងវិញ ដើម្បីសន្តិសុខក្នុងតំបន់ ស្របតាមធម្មនុញ្ញាអាស៊ានមានចែងក្នុងជំពូក ៨ មាត្រា ២២ ៕
ដោយ ៖ សុខ ខេមរា