ព័ត៌មានទាន់ហេតុការណ៍៖

Benzema រកបាន២គ្រាប់ជួយឲ្យ Real Madrid ឈរកំពូលតារាង LaLiga វ៉ាដាច់៨ពិន្ទុពីក្រុមលេខ២

ចែករំលែក៖

ខ្សែប្រយុទ្ធសញ្ជាតិបារាំង និងជាប្រធានក្រុម Karim Benzema ស៊ុតបញ្ចូលទីបាន២គ្រាប់ ជួយឲ្យក្រុមអធិរាជស Real Madrid យកឈ្នះក្រុមម្ចាស់ផ្ទះ Athletic Bilbao ២ទល់១ ដើម្បីវ៉ាដាច់ឈ្នះ៨ពិន្ទុនៅលើកំពូលតារាង La Liga ដែលនឹងឈានចូលសម្រាករដូវរងា។

គ្រាប់​បាល់​បញ្ចូល​ទីយ៉ាង​លឿន​របស់ Benzema បាន​ជួយ​ឲ្យ Real Madird នាំមុខ ២-០ បន្ទាប់​ពី​លេង​បាន​តែ​៧​នាទី​ប៉ុណ្ណោះ​ដើម្បី​ឈាន​ទៅ​រក​គ្រាប់​បាល់​បញ្ចូល​ទី​ចំនួន២០គ្រាប់សម្រាប់​រដូវ​កាល​នេះ។ គ្រាប់បាល់ទី១រកបាននៅនាទីទី៤ ពីការបញ្ជូនបាល់របស់ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ Tony Kroos និងគ្រាប់បាល់ទី២រកបាននៅនាទីទី៧។

ចំណែកក្រុមម្ចាស់ផ្ទះ Athletic Bilbao រកបាន១គ្រាប់សងវិញដែរនៅតង់ទី១ដូចគ្នាដោយកីឡាករ Oihan Sancet នៅនាទីទី១០ ហើយលទ្ធផល២ទល់១នេះបានបន្តរហូតដល់ចប់ការប្រកួត។ កីឡាករ NicoWilliams មានឱកាសផងដែរដើម្បីតាមស្មើឲ្យ Bilbao នៅតង់ទីពីរ ប៉ុន្តែអ្នកចាំទី Thibaut Courtois ធ្វើការសង្គ្រោះបានល្អ។

ជ័យជម្នះរបស់ក្រុម Real Madrid នេះមានន័យថា ក្រុមរបស់លោក Carlo Ancelotti ឈានទៅរកការសម្រាកបុណ្យណូអែលក្នុងតំណែងលេចធ្លោមួយនៅលើកំពូលតារាង La Liga ទោះបីជាពួកគេបានកំពុងតាមពីក្រោយដោយក្រុមលេខ២ Sevilla ដែលនៅជិតបំផុតក៏ដោយ។ ក្រុម Real Madrid បានចាញ់តែ២ដងប៉ុណ្ណោះក្នុង២៥ប្រកួតក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ ដោយបរាជ័យចុងក្រោយរបស់ពួកគេនឹងប៉ះ Espanyol កាលពីថ្ងៃទី៣ ខែតុលា។

បច្ចុប្បន្ន Real Madrid ឈរលេខ១ក្នុងតារាងលីគកំពូលអេស្ប៉ាញ La Liga ដោយមាន៤៦ពិន្ទុក្នុង១៩ប្រកួត ខណៈក្រុមលេខ២ Sevillaមាន៣៨ពិន្ទុ ក្នុង១៨ប្រកួត។ ចំណែកក្រុមកំពុងឈរលេខ៣គឺ Real Batisមាន៣៣ពិន្ទុ, ក្រុមលេខ៤ Rayo Vallecano មាន៣០ពិន្ទុ រីឯ AtleticoMadrid ឈរលេខ៥មាន២៩ពិន្ទុ,  Real Sociedad ឈរលេខ៦មាន២៩ពិន្ទុដែរ ហើយ Barcelona បានធ្លាក់មកឈរចំណាត់ថ្នាក់លេខ៧ មាន២៨ពិន្ទុ ក្នុង១៨ប្រកួតដូចគ្នា ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖