ខេត្តបន្ទាយមានជ័យ៖ កងកម្លាំងចម្រុះនៅវេលាម៉ោង ០៩និង១៣នាទីព្រឹក ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២១នេះសមត្ថកិច្ចបានឱ្យដឹងថា ៖ កម្លាំងជំនាញផ្នែកគ្រប់គ្រងជនបរទេសនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតសហការជាមួយកម្លាំងចម្រុះ ដឹកនាំដោយលោក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្ត បន្ទាយមានជ័យ ដោយមានការចូលរួមពីលោក អេង លីហួរ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុង ប៉ោយប៉ែត លោកវរសេនីយ៍ទោ អង កុសល អធិការរងជំនួយការដឹកនាំផ្នែកគ្រប់គ្រងជនបរទេសនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានធ្វើការប្រគល់-ទទួល និងបញ្ជូនចេញនូវជនជាតិថៃចំនួន ៣៩ នាក់ ស្រី ១៧ នាក់ ពីបទលួចឆ្លងដែនខុសច្បាប់ (គ្មានលិខិតឆ្លងដែន)។
សមត្ថកិច្ចបញ្ជាក់ថា ៖ ជនជាតិថៃខាងលើ ត្រូវបានកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការធ្វើឃាត់ខ្លួន ចំនួន ០២ គោលដៅ សរុប ចំនួន ៣៩ នាក់ ស្រី ១៧ នាក់ ក្នុងនោះមាន÷
១/-ខេត្តព្រះសីហនុចំនួន ៣២ នាក់។
២/-រាជធានីភ្នំពេញចំនួន ០៧ នាក់។
យោងតាមបញ្ជាលោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ប៉ុស្តិ៍បានប្រគល់បន្តជូនទៅភាគីថៃដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ណាត់តាផុង សាត់យ៉ានុរ៉ាត់ ស្នងការនគរបាល ខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ បានប្រគល់ជនជាតិថៃទាំងអស់នៅលើស្ពានព្រំដែនអន្តរជាតិប៉ោយប៉ែតមិត្តភាពកម្ពុជា-ថៃ ៕
ដោយ៖ វណ្ណា