ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីវីដេអូឃ្លីបរបស់ប្រជាពលរដ្ឋរស់នៅខាងក្រោយសួនកុមារ ជិតផ្សារ សេនយូរី ផ្លូវលេខ២០០៩ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានឱ្យដឹងនៅរសៀលថ្ងៃព្រហស្បតិ៍ទី២៣ ខែធ្នូ ឆ្នាំ២០២១នេះថា៖ បច្ចុប្បន្ននេះ ទីតាំងផ្ទះបង្កប់ល្បែងស៉ីសងភ្នាល់បាល់ខុសច្បាប់មួយកន្លែង ស្ថិតនៅក្រោយសួនកុមារ ជិតផ្សារ សេនយូរី កំពុងបេីកលេងយ៉ាងរលូនទាំងយប់ទាំងថ្ងៃយ៉ាងរំភើយ គ្មានការបង្ក្រាបពីសំណាក់នគរបាលទាំងថ្នាក់ប៉ុស្តិ៍ និងខណ្ឌ។
ប្រជាពលរដ្ឋនាំគ្នានិយាយថា មិនដឹងថា ម្ចាស់ទីតាំងខាងលើនេះ ប្រហែលមានឥទ្ធិពលខ្ពស់ខ្លាំងជាងអាជ្ញាធរមូលដ្ឋានហើយមើលទៅបានជាហ៊ានបើកដំណើរការទីតាំងខុសច្បាប់របស់ខ្លួនបានយ៉ាងរលូន ក្បែរអធិការនគរបាលខណ្ឌ និងសាលាខណ្ឌពោធិ៍សែនជ័យ ទំនងគិតថាលោក ម៉ន វុធី អធិការវ័យក្មេង និងលោក ហែម ដារិទ្ធ អភិបាលនៃគណអភិបាលខណ្ឌពោធិ៍សែនជ័យ សង្ស័យងាប់ត្រគាកហើយទេដឹង។
ប្រភពដដែលបន្តថា ទីតាំងបង្កប់លេងល្បែងខាងលើនេះ គេសង្កេតឃើញថា ក្រុមអ្នកញៀនល្បែងទាំងនោះនាំគ្នាចូលទៅភ្នាល់លុយម្តងៗរាប់រយ រាប់ពាន់ដុល្លារ ឯណោះ ដូច្នេះហើយធ្វើឱ្យពលរដ្ឋរស់នៅក្បែរនោះ កំពុងតែមានការភ័យខ្លាចរឿងបញ្ហា អសន្តិសុខដូចជា៖ អំពើលួច,ឆក់,ប្លន់,អំពើហឹង្សារផ្សេងៗ ជាពិសេសនោះ គឺការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ផ្ទុះឡេីងចេញពីទីតាំងបនល្បែងស៊ីសងនេះតែម្តង។
គួរជម្រាបថា លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសរួចហើយ ក្នុងការបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ និងបានបើកប្រទេសឱ្យដំណើរជាប្រក្រតីភាពឡើងវិញ ។ ដូច្នេះរាល់សកម្មភាពនានាវានឹងកើតឡើងវិញ ទាំងបទល្មើសផ្សេងៗ ទាំងល្បែងស៊ីសងគ្រប់ប្រភេទ ទាំងបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ។ ដូច្នេះលោកជំរុញឱ្យកម្លាំងមានសមត្ថកិច្ចទាំងពីរប្រភេទ និងអាជ្ញាធរខណ្ឌទាំងអស់ត្រូវពង្រឹងឡើងវិញ ពិសេសបង្ក្រាបឱ្យបាននូវបទល្មើសផ្សេងៗ ដូចជាបទល្មើស, លួច, ឆក់, ប្លន់ ,គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ពាក់ព័ន្ធនិងបញ្ហានេះដែរ ប្រជាពលរដ្ឋកំពុងងឿងឆ្ងល់រហូតដាក់ការសង្ស័យថា ការមិនបង្ក្រាបមាន៤ចំណុច ទី១-មកពីមិនដឹង ទើបមិនបង្ក្រាបទី២-មកពីម្ចាស់ទីតាំងល្បែងមានខ្សែធំ ទើបមិនហ៊ានប៉ះ ទី៣-មកពីម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែរួចហើយ ទើបធ្វើមិនដឹង ទី៤- អាចមាន ចេតនាអនុវត្តផ្ទុយពីយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។
គួររំលឹកថាកន្លងមក លោក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជានិងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឲ្យមានសកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់ទាំងនោះ បើកយ៉ាងអនាធិបតេយ្យធ្វើឱ្យបាត់បង់សេចក្តីថ្លៃថ្នូរ។
ជំវិញករណីខាងលេី នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារមជ្ឈមណ្ឌលកាសែតនគរវត្ត បានទាក់ទងទៅលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ តាមរយៈទូរស័ព្ទ លោកនិយាយយ៉ាងខ្លីថា លោកមិនទាន់ទទួលបានព័ត៌មាននេះទេ ហេីយលោកក៏បិទទូរស័ព្ទតែម្តង។ ចំពោះ លោកទី ទូច នាយប៉ុស្តិ៍នគរបាលកាកាបទី១វិញមិនអាចទាក់ទងបានទេ៕
ដោយ៖សុខាសែនជ័យ