ភ្នំពេញ៖ គណ:មេប្រយោគទូទាំងប្រទេស និងប្រធានអប្បមាទទូទាំងប្រទេស សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ កំពុងមានភាពមមាញឹកក្នុងការរាប់ស្រោមវិញ្ញាសា និងរៀបចំហឹបវិញ្ញាសាត្រៀមសម្រាប់ដឹកជញ្ជូនទៅកាន់បណ្ដាខេត្តឆ្ងាយៗ ដែលត្រូវដឹកជញ្ជូនចេញទៅតាំងពីព្រឹកព្រលឹមថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ។
ការរាប់ស្រោមវិញ្ញាសា និងការរៀបចំដឹកជញ្ជូននេះ ត្រូវបានធ្វើឡើងដោយមានការចូលរួមពិនិត្យយ៉ាងហ្មត់ចត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ សូមជម្រាបថា បន្ទាប់ពីទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបានសម្រេចរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
ទន្ទឹមនោះផងដែរ ក្រសួងអប់រំ យុវជន និងកីឡា ខិតខំប្រឹងប្រែងក្នុងការអនុវត្តវិធានការនានា ព្រមទាំងដាក់ចេញសេចក្ដីណែនាំប្រតិបត្តិ ស្ដីពីវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕
ដោយ៖ សូរិយា