ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានមានប្រសាសន៍ថា, ក្នុងរយៈពេលមិនប៉ុន្មានថ្ងៃទៀតទេ ដែលក្មួយៗសិស្សានុសិស្សថ្នាក់ទី១២ទាំងអស់ ត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា២០២០-២០២១។ សូមក្មួយៗទាំងអស់គ្នា យកចិត្តទុកដាក់ ផ្តល់អាទិភាពលើការ ត្រៀមលក្ខណៈឲ្យបានហ្មត់ចត់ចំពោះការប្រឡង ព្រោះនេះគឺជាដំណាក់កាលដែលសំខាន់ក្នុងរបត់ជីវិតរបស់ក្មួយៗ ដើម្បីបន្តការសិក្សាកម្រិតឧត្តម ឬជំនាញវិជ្ជាជីវៈប្រចាំជីវិត ហើយក្លាយខ្លួនជាសសរស្តម្ភដ៏មានសក្តានុពលមួយរូបរបស់ប្រទេសជាតិទៅថ្ងៃអនាគត។
លោក ហ៊ុន ម៉ានី បានលើកឡើងថា, រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំ យុវជន និងកីឡាជាសេនាធិការតែងតែប្រឹងប្រែងគ្រប់វិធីសាស្ត្រដើម្បីរៀបចំការប្រឡង ដោយសម្របតាមបរិបទនៃការអប់រំក្នុងគន្លងថ្មីនេះ ធ្វើយ៉ាងណាសំដៅដល់ការអភិវឌ្ឍសមត្ថភាពរបស់ក្មួយៗឲ្យបានខ្ពង់ខ្ពស់គ្រប់គ្នា។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវបន្ថែមដល់អាជ្ញាធរ បណ្តាស្ថាប័នពាក់ព័ន្ធ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ រួមទាំងសមាជិក សមាជិកា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេស សូមបន្តជួយបង្កលក្ខណៈងាយស្រួល និងគាំទ្រដល់បេក្ខជន លោកគ្រូអ្នកគ្រូ តាមបណ្តាមណ្ឌលប្រឡងនានា ក្នុងស្មារតីជួយគ្នាទៅវិញទៅមក មិនថាជាទីកន្លែងស្នាក់អាស្រ័យ ការផ្ញើរកង់ម៉ូតូ ឬការផ្គត់ផ្គង់នានាតាមការចាំបាច់។
លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា, ខ្ញុំសូមជូនពរ ដល់ក្មួយៗសិស្សានុសិស្សទាំងអស់ សូមបានជួបប្រទះតែសំណាងល្អ សុខភាពល្អ និងទទួលបាននិទ្ទេសល្អគួរជាទីគាប់ចិត្តគ្រប់ៗគ្នា៕
ដោយ ៖ សិលា