ភ្នំពេញ ៖ លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ បានចុះអនុស្សរណ:នៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន នរៈ ស្ទីឌីយ៉ូ (Norak Studio) ដែលដឹកនាំដោយលោក ឡោ វុឌ្ឍី ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន នរៈ ស្ទីឌីយ៉ូ ដើម្បីជំរុញការអភិវឌ្ឍ និងការផ្សព្វផ្សាយផលិតផលទេសចរណ៍ និងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។
ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នានេះបានធ្វើឡើងនៅទីស្តីការក្រសួងទេសចរណ៍ ក្រោមអធិបតីលោក តុប សុភ័ក រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ តំណាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមទាំងមានការចូលរួមពីលោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងមន្ត្រីជំនាញក្រសួងទេសចរណ៍ បុគ្គលិកក្រុមហ៊ុន នរៈ ស្ទីឌីយ៉ូ រួមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
លោក តុប សុភ័ក បានថ្លែងថា អនុស្សរណៈនៃការយោគយល់គ្នានេះ គឺការសហការគ្នាមួយជំហានទៀត ក្នុងការចូលរួមអភិវឌ្ឍទៅលើវិស័យទេសចរណ៍ឱ្យកាន់តែមានការរីកចំរើនបន្ថែមទៀត ដែលកនុ្លងមកក្រុមហ៊ុន នរៈ ស្ទីឌីយ៉ូ តែងតែបានសហការជាមួយក្រសួងទេសចរណ៍បានយ៉ាងល្អ ក្នុងការរៀបចំផលិតជាវីដេអូនៅតំបន់ទេសចរណ៍ និងបានចូលរួមយ៉ាងច្រើនក្នុងចលនាប្រឡងប្រណាំងរមណីយដ្ឋានទេសចរណ៍ ដែលជាកិច្ចការដ៏ពិសេសមួយក្នុងការចូលរួមចំណែក អភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា។
លោករដ្ឋលេខាធិការ បានបន្ថែមថា ការអភិវឌ្ឍវិស័យទេសចរណ៍ គឺមិនមែនពឹងផ្អែកតែលើវិស័យរដ្ឋមួយប៉ុណ្ណោះនោះទេ ត្រូវពឹងផ្អែកលើកការចូលរួមពីវិស័យឯកជន ដៃគូអភិវឌ្ឍ និងប្រជាពលរដ្ឋទាំងអស់គ្នាចូលរួម ទើបវិស័យឯកជនវិស័យទេសចរណ៍អាចមមានការអភិវឌ្ឍ និងទទួលបាននូវនិរន្តរភាព។ ប្រទេសដែលរីកចំរើន លើវិស័យទេសចរណ៍ គឺមានការចូលជាច្រើនពីវិស័យឯកជនដើម្បីជួយដល់ប្រទេសរបស់គេ ដោយហេតុថា វិស័យទេសចរណ៍គឺជាស្នូលដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ។
បន្ថែមពីនេះ លោករដ្ឋលេខាធិការ តុប សុភ័ក ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន នរៈ ស្ទីឌីយ៉ូ ដែលតែងតែបានសហការជួយដល់ក្រសួងនាពេលកន្លង មកក្នុងការចូលរួ ផ្សព្វផ្សាយវីដេអូពីតំបន់ទេសចរណ៍ជាច្រើនផងដែរ។
លោក ឡោ វុឌ្ឍី បានឱ្យដឹងដែរថា ក្រុមហ៊ុន នរៈ ស្ទីឌីយ៉ូ នឹងប្តេជ្ញាចិត្តចូលរួមជាមួយក្រសួងទេសចរណ៍ ក្នុងការផ្សព្វផ្សាយផលិតផលទេសចរណ៍ តាមរយៈការស្វែងរក ទីតាំងទេសចរណ៍ថ្មី ដើម្បីផលិតជាវីដេអូផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ ដើម្បីជួយធ្វើឱ្យវិស័យទេសចរណ៍កាន់តែរីកចំរើនបន្ថែមទៀត ដោយហេតុថាតំបន់មួយចំនួននៅមិនទាន់មានលក្ខណៈបង្ករភាពងាយស្រួលដល់អ្នកទេសចរអាចទៅដល់បាននោះទេ៕
ដោយ ៖ សិលា