ព័ត៌មានទាន់ហេតុការណ៍៖

ត្រឹមរយៈពេល២យប់២ថ្ងៃបាត់ស្លាកលេខរថយន្តអស់៧គ្រឿងនិងរថយន្ត១គ្រឿង ឆក់កាបូបលុយអស់ជិត២០លានរៀល នៅខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

     ភ្នំពេញ ៖ បទល្មើសចោរកម្មបានកើតមាននៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យនាដើមខែធ្នូ ចុងឆ្នាំ២០២១នេះហាក់ដូចជាកក្រើកឡើងគួរឱ្យកត់សម្គាល់ រីឯការបង្ក្រាបវិញហាក់ដូចជាមិនមានតុល្យភាពទៅនឹងសកម្មភាពល្មើស ហើយអ្វីដែលកាន់តែធ្វើឱ្យប្រជាពលរដ្ឋព្រួយបារម្ភណាស់នោះ គឺបទល្មើសលួច ត្រឹមតែ២យប់២ថ្ងៃសោះ ជនសង្ស័យធ្វើសកម្មភាពលួចយកស្លាកលេខរថយន្តអស់៧គ្រឿង លួចរថយន្តអស់មួយគ្រឿង ឆក់កាបូបលុយអស់ជិត២០លានរៀល នៅយប់ថ្ងៃទី២៣ខែធ្នូ និងព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងភូមិព្រៃជីសាក់ និងនៅភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

   នៅយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ជនសង្ស័យបានធ្វើសកម្មភាពលួចយកស្លាកលេខរថយន្តអស់ចំនួន៧គ្រឿងនៅទីតាំងតែមួយក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ 

ក្នុងនោះមានរថយន្តម៉ាកឡិចសុីស៤៧០ ចំនួន១គ្រឿង រថយន្តម៉ាកឡិចសុីសRX៣៣០ ចំនួន១គ្រឿង រថយន្តម៉ាកព្រូសចំនួន៣គ្រឿង រថយន្តម៉ាកតាកូម៉ាចំនួន១គ្រឿង រថយន្តម៉ាកកាមរីបាឡែនចំនួន១គ្រឿង ។ លុះមកដល់វេលារំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ នៅទីតាំងដដែលត្រូវបានជនសង្ស័យធ្វើសកម្មភាពលួចរថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AY-0335 មានម្ចាស់ជាជនរងគ្រោះឈ្មោះ លាវ សំអុល ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅកន្លែងកើតហេតុ ។ ខណៈដែលជនសង្ស័យលួចស្លាកលេខរថយន្ត លួចរថយន្ត សមត្ថកិច្ចមិនទាន់ធ្វើការស្រាវជ្រាវរកជនសង្ស័យផង ស្រាប់តែនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ កើតមានករណីឆក់កាបូបលុយមួយករណីទៀត នៅចំណុចផ្លូវជាតិលេខ៤ មុខវិទ្យាល័យជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ លើស្ត្រីជាអាជីវករម្នាក់អស់លុយជិត២០លានរៀល គ្រឿងអលង្ការ និងទូរស័ព្ទមួយគ្រឿង ។

បើតាមស្ត្រីរងគ្រោះក្នុងករណីក្រុមចោរឆក់យកកាបូបទៅបាត់នោះបានឱ្យដឹងថា មុនកើតហេតុគាត់យកលុយទៅទូទាត់ថ្លៃសាច់ជ្រូក សាច់គោ នៅផ្សារជម្ពូវ័ន ហើយ ទើបតែជិះដល់មុខសាលារៀនស្រាប់តែលេចមុខជនសង្ស័យ៣នាក់ ជិះម៉ូតូម៉ាកនិច ពណ៌សក្រហម មិនចាំស្លាកលេខ និងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខ មកធ្វើសកម្មភាពឆក់យកកាបូបពីក្នុងអាវគាត់បានសម្រេចហើយជិះគេចទៅបាត់ ។

ជនរងគ្រោះក្នុងបទល្មើសខាងលើ ក្រោយកើតហេតុ បានត្រឹមរត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖