ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាលគណបក្ស បោះឆ្នោតជាឯកច្ឆ័ន្ទជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត

ចែករំលែក៖

ភ្នំពេញ ៖ មានការគាំទ្រ និងសូមអបអរសាទរយ៉ាងស្មោះស្ម័គ្រយ៉ាងច្រើនគោរពជូនលោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាលគណបក្ស បោះឆ្នោតជាឯកច្ឆ័ន្ទជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត។

ការជ្រើសតាំងបានធ្វើឡើងនៅក្នុងអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា។ 

ការពិត ! លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដាក់គោលដៅធ្វើជា អ្នកនយោបាយតាំងពីឆ្នាំ១៩៩៤ក្នុងពេលដែល រៀននៅសហរដ្ឋអាមេរិកម្លេះ ! 

 បេក្ខភាពដែលជាអនាគតនាយករដ្ឋមន្ត្រីកម្ពុជា លោក ឧត្ដមសេនីយឯក ហ៊ុន ម៉ាណែត បានដាក់គោលដៅ របស់លោកធ្វើជាអ្នកនយោបាយតាំងពីឆ្នាំ១៩៩៤ ក្នុង ពេលដែលលោកកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនៅក្នុង ទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក។ នេះបើយោងតាមលិខិតបែកធ្លាយមួយ ដែលសម្តេចតេជោ ហ៊ុនសែន បានបង្ហោះលើផេកផ្លូវការ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។ 

សូមបញ្ជាក់ថា, ក្នុងលិខិតដែលលោក ហ៊ុន ម៉ាណែត សរសេរជូនសម្តេច តេជោក្នុងអំឡុងឆ្នាំ១៩៩៤និងត្រូវបានទម្លាយដោយ សម្តេចតេជោ ហ៊ុន សែន ឱ្យដឹងថា លោក ហ៊ុន ម៉ាណែត មានបំណងសិក្សាជំនាញចំនួន៣ក្នុងការ រៀបចំគោលដៅនាពេលអនាគតរបស់ខ្លួនគឺ ជំនាញ សេដ្ឋកិច្ច នយោបាយ និងទាហាន។

លោកបានបញ្ជាក់ក្នុងលិខិតនោះថា៖ «ចំពោះខ្ញុំ ខ្ញុំ យល់ថាទាហ៊ាន អ្នកសេដ្ឋកិច្ច និងអ្នកនយោបាយមាន ឥទ្ធិពលណាស់នៅក្នុងសង្គម ការដែលសំខាន់គឺទោះជា អនាគតខ្ញុំអាចទៅជាអ្នកសេដ្ឋកិច្ចរឺក៏ជាអ្នកនយោបាយ គឺ ខ្ញុំចង់បានគ្រឹះរបស់ខ្ញុំជាទាហ៊ាន ព្រោះតាមខ្ញុំមើលប្រវត្តិ

សាស្ត្រនៅអាមេរិចរឺនៅប្រទេសមួយចំនួនគឺអ្នកដឹកនាំធំៗ ច្រើនចេញពីទាហ៊ានដែរ។ តែនេះជាគំនិតរបស់ខ្ញុំ ខ្ញុំសូម អោយពុកជួយអោយយោបល់ផង តើគំនិតនេះល្អរឺមិន ល្អ» ។

សូមជម្រាបថា, គណបក្សប្រជាជនកម្ពុជា មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា។ ដោយឡែកអនុប្រធានគណបក្សប្រជាជនកម្ពុជា ដល់បច្ចុប្បន្នមានចំនួន៤ រួមមាន : សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេនៅកម្ពុជា ដែលកាន់អំណាច៦អាណត្តិមកនេះ មានសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៨៣៧នាក់ ក្នុងនោះមានសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ ចំនួន៣៧នាក់ផងដែរ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖