ព័ត៌មានទាន់ហេតុការណ៍៖

ស្មានតែទាញយករឿងថ្មីរបស់ Spider-Man តាមពិតទាញយកកម្មវិធីមេរោគសោះ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ ក្រសួង​មហាផ្ទៃ​ នៅព្រឹកថ្ងៃ​សុក្រ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ ក្រុមអ្នកស្រាវជ្រាវមកពីក្រុមហ៊ុនសុវត្ថិភាពកុំព្យូទ័រ ReasonLabs បានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នក្នុងការទាញយករឿងថ្មីរបស់ Spider-Man ព្រោះក្រុមជនខិលខូចបានប្រើវិធីនេះដើម្បីបញ្ចូលកម្មវិធីមេរោគ ដែលអាចឱ្យពួកគេប្រើប្រាស់កុំព្យូទ័ររបស់ជនរងគ្រោះដើម្បីស្វែងរករូបិយប័ណ្ណកាក់ឌីជីថល។

ReasonLabs បានរាយការណ៍ថា ឯកសារដែលកំពុងត្រូវបានចែកចាយនោះមានឈ្មោះ “spiderman_net_putidomoi.torrent.exe” ជាភាសារុស្សុី ឬ “spiderman_no_wayhome.torrent.exe” ជាភាសាអង់គ្លេស។ កម្មវិធីនេះក៏អាចធ្វើការផ្លាស់ប្ដូរការកំណត់មួយចំនួននៅក្នុងកម្មវិធីការពារមេរោគ Windows Defender ដើម្បីចៀសវាងពីការរកឃើញ។

ទោះបីជាមេរោគប្រភេទនេះមិនបានលួចទាញយកទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ ដែលអ្នកប្រើភាគច្រើនខ្លាចនៅពេលគិតអំពីមេរោគនៅលើកុំព្យូទ័ររបស់ពួកគេ ប៉ុន្តែវាធ្វើឱ្យជនរងគ្រោះចំណាយថវិកាច្រើនជាមួយនឹងការប្រើអគ្គិសនី និងអាចធ្វើឱ្យខូចកុំព្យូទ័រដោយសារតែអ្នកស្វែងរកកាក់ឌីជីថលត្រូវការការប្រើប្រាស់ស៊ីភីយូខ្ពស់។ គួរបញ្ជាក់ផងដែរថា ក្រុមជនខិលខូចតែងតែប្រើវិធីសាស្ត្រក្លែងបន្លំជាកម្មវិធីពេញនិយមក្នុងការចែកចាយកម្មវិធីមេរោគមានដូចជាកម្មវិធី ‘windows updater’ និង ‘discord app’ ជាដើម។

ដោយសារតែមើលឃើញពីភាពគ្រោះថ្នាក់ក្នុងការទាញយកកម្មវិធី ទើបនាយកដ្ឋានតែងតែធ្វើការណែនាំដល់អ្នកប្រើប្រាស់ឱ្យទាញយកកម្មវិធីពីប្រភពច្បាស់លាស់ និងចៀសវាងទាញយកកម្មវិធីដែលបានកែដើម្បីចៀសវាងពីការបង់លុយ ព្រោះជនខិលខូចក៏អាចលួចបញ្ចូលកម្មវិធីមេរោគទៅក្នុងកម្មវិធីទាំងនោះបានផងដែរ៕

ដោយ​៖ស​ តារា​


ចែករំលែក៖