ភ្នំពេញ៖ ការប្រកួតកីឡាប្រដាល់សកល ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១បានចាប់ផ្តើមថ្ងៃទី១ កាលពីល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ម្សិលមុិញ នៅក្លិបប្រដាល់នាយកដ្ឋានអង្គរក្ស ដោយមាន២៤គូ ដោយអគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោក ប៊ុយ សុភ័ណ្ឌ អះអាងថា គុណភាពបច្ចេកទេសរបស់កីឡាករទាំងនេះមានលក្ខណៈល្អប្រសើរច្រើន។ នេះបើយោងតាមផេក (Cambodia 2023) CAMSOC ជាមួយពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា
#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE បង្ហោះនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។
ឆ្លងកាត់ការប្រកួតថ្ងៃទី១នេះ លោកសង្កេតឃើញថា កម្រិតបច្ចេកទេសរបស់កីឡាករ កីឡាការិនីមានគុណភាពមិនខុសគ្នាឆ្ងាយប៉ុន្មានឡើយ ដោយមិនសូវមានកីឡារចាញ់ដោយសន្លប់នោះទេ ពោលគឺមានភាពប្រហាក់ប្រហែលគ្នាច្រើន ខណៈផ្នែករៀបចំបច្ចេកទេសរបស់មន្ត្រីសហព័ន្ធក៏ដំណើរការដោយរលូនផងដែរ។
លោកបន្ថែមថា សម្រាប់ការប្រកួតថ្ងៃទី២ នៅថ្ងៃទី២៤ ខែធ្នូនេះ មាន២៨គូទៀត និងបន្តការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ដោយមាន១០ប្រភេទទម្ងន់។ ជាមួយគ្នានេះដែរ នៅក្នុងការប្រកួតកីឡាប្រដាល់សកលជើងឯកថ្នាក់ជាតិ ឆ្នាំនេះមានលក្ខណៈល្អប្រសើរច្រើន ដោយសហព័ន្ធបានកៀរគរបានសប្បុរសជនគាំទ្រដល់ព្រឹត្តិការណ៍នេះមានច្រើនផងដែរ ដោយនឹងប្រើប្រាស់ថវិកាឧបត្ថម្ភទាំងនោះធ្វើជាប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមជូនដល់កីឡាករ កីឡាការិនី និងបន្ថែមការលើកទឹកចិត្តដល់មន្ត្រីរៀបចំការប្រកួត ក្រៅអំពីប្រាក់រង្វាន់ ក៏ដូចជាថវិការៀបចំការប្រកួត ដែលផ្តល់ការគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។
សូមបញ្ជាក់ថា ឆ្នាំនេះមានកីឡាករ កីឡាការិនីប្រដាល់សកលចូលរួមសរុបចំនួន ១០៤នាក់ ក្នុងនោះមានកីឡាការិនី ៤នាក់ មកពី២១ក្លិប-សមាគម ដែលប្រកួតពីថ្ងៃទី២៣-២៦ ខែធ្នូ ឆ្នាំ២០២១ នៅនាយកដ្ឋានអង្គរក្ស រាជធានីភ្នំពេញ។ ចំនួននេះបានកើនឡើងច្រើនជាង៣ដង បើប្រៀបធៀបព្រឹត្តិការណ៍ដូចជា កាលពីឆ្នាំមុន ដោយសារបញ្ហាការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩៕
ដោយ ៖ សិលា