ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានឱ្យដឹងថា មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកែប ខេត្តសៀមរាប និងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានបន្តចាត់វិធានការលើម្ចាស់ដេប៉ូលក់ប្រេងឥន្ធនៈចំនួន ៣ទីតាំងដែលលក់ប្រេងជូនអតិថិជនមិនសុចរិតក្នុងធុរកិច្ចប្រេងឥន្ធនៈក្នុងចំណោមស្ថានីយ និងដេប៉ូចំនួន ១៦ទីតាំងដែលមន្រ្តីជំនាញបានត្រួតពិនិត្យ។
ក្នុងប្រតិបត្តិការត្រួតពិនិត្យគឺក្នុងគោលបំណងបន្តទប់ស្កាត់អំពើមិនសុចរិតក្នុងវិស័យប្រេងឥន្ធនៈ និងការពារនូវប្រយោជន៍ជូនអ្នកប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកចំពោះម្ចាស់ទីតាំងទាំង ៣ខាងលើត្រូវបានមន្រ្តីជំនាញពិន័យទៅតាមនីតិវិធីផងដែរ។
លើសពីនេះ មន្រ្តីជំនាញក៏បានបន្ត និងបញ្ចប់ការផ្សព្វផ្សាយនូវផលប៉ះពាល់នៃសារធាតុ អាសបេស្ដុសនៅរាជធានីភ្នំពេញតាមបណ្ដាហាងលក់គ្រឿងសំណង់ និងស្រង់យកគំរូមួយចំនួនមកវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. ផ្ទាល់តែម្ដង៕
ដោយ៖ស តារា