ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចពិជ័យសេនា ទៀ បាញ់ ៖ ខ្ញុំពិតជាមានមហាកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលសន្និបាតគណកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា មានទំនុកទុកចិត្តជ្រើសតាំងរូបខ្ញុំជាអនុប្រធានគណបក្ស

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានមានប្រសាសន៍ថា, ថ្ងៃនេះ ខ្ញុំពិតជាមានមហាកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលសន្និបាតគណកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា មានទំនុកទុកចិត្តជ្រើសតាំងរូប សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា, ខ្ញុំជាអនុប្រធានគណបក្ស។ ក្នុងនាមជាអនុប្រធានគណបក្ស ខ្ញុំសូមប្តេជ្ញាចិត្តធ្វើពលីកម្មគ្រប់បែបយ៉ាងបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឲ្យបានរឹងមាំ ឋិតថេរ ចីរកាល ដើម្បីឈានឆ្ពោះទៅទទួលបានជោគជ័យដាច់ខាតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ការបោះឆ្នោតជាតិនីតិកាលទី៧ ឆ្នាំ២០២៣ និងការបោះឆ្នោតអាណត្តិជាបន្តបន្ទាប់។

សូមបញ្ជាក់ថា, បើយោងតាមសេចក្តីជូនដំណឹងស្តីរបស់គណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ សន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ របស់គណបក្សប្រជាជនកម្ពុជាបានប្រព្រឹត្តទៅក្នុងស្មារតីឯកភាព ប្រជាធិបតេយ្យ និងការទទួលខុសត្រូវខ្ពស់បំផុតចំពោះបុព្វហេតុ ជាតិ និងប្រជាជន។

សូមបញ្ជាក់ថា, សន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ របស់គណបក្សប្រជាជនកម្ពុជា បានសម្រេចជាផ្លូវការបោះឆ្នោតជ្រើសតាំងបន្ថែមសម្តេចពិជ័យសេនា ទៀ បាញ់ ជាអនុប្រធានគណបក្ស និង លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអនុប្រធានគណបក្ស។

សម្តេចតេជោ ហ៊ុន សែន នៅតែទទួលបានការគាំទ្រជាបេក្ខភាពនាយករដ្ឋមន្ត្រី និងបានសម្រេចជាឯកច្ឆ័ន្ទជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។

អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា បានពិភាក្សាអំពីកិច្ចការមួយចំនួនស្តីពីការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ និងបានយល់ជ្រួតជ្រាបស៊ីជម្រៅអំពីខ្លឹមសារនៃទស្សនៈសភាពការណ៍ ឆ្នាំ២០២១ និងទិសដៅភារកិច្ចសំខាន់ៗរបស់គណបក្សក្នុងឆ្នាំ ២០២២។

សន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣នេះ ត្រូវបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២១ ដឹកនាំដោយប្រធានគណបក្ស សម្តេចតេជោ ហ៊ុន សែន និងសម្តេចចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស រួមជាមួយសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៧៧៥ រូប លើបរិមាណរួម ៨៦៥រូប។ 

គណៈកម្មាធិការកណ្តាលបានអំពាវនាវដល់គណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់ក្រុមការងារ គណបក្សចុះមូលដ្ឋាន និងមន្ត្រី សមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជាពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃ ក្នុងរឹងមាំ ខិតខំបន្តអនុវត្តកម្មវិធីនយោបាយ និងសេចក្តីសម្រេចនានារបស់គណបក្សឱ្យបានសម្រេចជោគជ័យ ដើម្បី បម្រើផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ជាតិ និងប្រជាជន។

គណបក្សប្រជាជនកម្ពុជាក៏បានចេញសេចក្តីអំពាវនាវជនរួមជាតិទាំងមូលទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេសបន្តរួមសាមគ្គីគា្នជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីថែរក្សាការពារសន្តិភាព ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាឱ្យបានរឹងមាំ ស្ថិតស្ថេរគង់វង្សជារៀងដរាប។ ព្រមជាមួយនោះ គណបក្សប្រជាជនកម្ពុជាក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានសុវត្ថិភាពសុខាភិបាល សំដៅការពារមិនឱ្យជំងឺកូវីដ-១៩អាចឆ្លងរាលដាលជាថ្មីទៀត បាន និងរួមគ្នាបញ្ចេញអស់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច៕

ដោយ ៖ សិលា


ចែករំលែក៖