ខេត្តបាត់ដំបង៖ គណៈកម្មការត្រួតពិនិត្យយានយន្តកែច្នៃខុសបទដ្ឋានបច្ចេកទេសខេត្តបាត់ដំបងបានចុះធ្វើកិច្ចសន្យា ផ្អាកអាជីវកម្មយានដ្ឋានកែច្នៃរថយន្តខុស បច្ចេកទេស០២កន្លែងនៅក្រុងបាត់ដំបង បន្ទាប់ពីរក ឃើញថាយានដ្ឋានទាំងពីរខាងលើប្រកបអាជីវកម្មកែច្នៃ ចង្កូតឡានដោយគ្មានច្បាប់អនុញ្ញាត។ អាចបង្កអោយមានគ្រោះថ្នាក់ទៅលើអ្នកប្រើប្រាស់ ចំពោះការតម្លើងគ្មានបច្ចេកទេសនេះ។
លោក សូ ប៉ុណ្ណារុង អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង បានអោយដឹងថា, ទីតាំងប្រកប អាជីវកម្មកែច្នៃប្តូរចង្កូតរថយន្តទាំងពីរទីតាំងខាងលើ មានយានដ្ឋានជាងទូច ស្ថិតក្នុងសង្កាត់វត្តគរ ក្រុង-ខេត្តបាត់ដំបង ដែលមានម្ចាស់យានដ្ឋានឈ្មោះ យ៉ង់ ហុកលាន និងយានដ្ឋានចនសំណាង ហៅ(ហ៊ីង) ស្ថិតក្នុងសង្កាត់ ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង។
លោកបន្តថា ការចុះផ្អាកនេះក្រោយពីពិនិត្យ ឃើញថាយានដ្ឋានខាងលើកំពុងលួចលាក់ប្រកបអាជីវកម្មកែច្នៃប្តូរចង្កូតរថយន្តដោយគ្មានច្បាប់ និងបានណែនាំ ឱ្យម្ចាស់អាជីវកម្មសុំច្បាប់ធ្វើអាជីវកម្មស្របតាមច្បាប់ កំណត់ ទើបអាចអនុញញ្ញាតឱ្យបន្តអាជីវកម្មឡើងវិញបាន។
ជាមួយគ្នានេះដែរម្ចាស់អាជីវកម្មទាំងពីរទីតាំងខាងលើ ក៏បានសន្យាចំពោះមុខក្រុមការងារចម្រុះមិនបន្តអាជីវកម្មកែចង្កូតរថយន្តគ្មានច្បាប់អនុញ្ញាតឡើយ ហើយបើនៅ បន្តអាជីវកម្មនិងសូមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាននិងសូមផ្តិតមេដៃខាងស្ដាំជាភស្តុតាងផងដែរ។
តាមពិតគួរតែមន្ត្រីនគរបាលយុត្តិធម៌ និងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្ត មិនត្រូវបញ្ចប់ត្រឹមកិច្ចសន្យានោះឡើយ ៕
ដោយ ៖ សិលា