ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមលួចស្លាកលេខរថយន្តត្រូវសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនបានជាបន្តបន្ទាប់

ចែករំលែក៖

ភ្នំពេញ​៖ ជនសង្ស័យចំនួន៤នាក់ជាមុខសញ្ញាលួចស្លាកលេខរថយន្តនិងទទួលទិញផលចោរកម្មត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជាបន្តបន្ទាប់កាលពីវេលាម៉ោង៤រសៀល​ ថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ២០២១​ នៅក្នុងមូលដ្ឋានសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​។ 

សមត្ថកិច្ចបានឱ្យដឹងថា​ ក្រោយ​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​មាន​ករណី​បាត់​ស្លាក​លេខ​រថយន្ដ​មក ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៤​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២១​ លោក​វរសេនីយ៍​ឯក​ ម៉ន​ វុធី​ អធិការ​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ ក្រោម​ការ​ដឹក​នាំ​ពី​លោក​ ឧត្តមសេនីយ៍​ ឯក​ ស​ ថេត​ អគ្គស្នងការរង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ដឹកនាំ​កង​កម្លាំង​ចុះ​ឆែកឆេរ​កាមេរ៉ា​សុវត្ថិភាព​តាម​ផ្ទះ​ប្រជាពលរដ្ឋ រហូត​ដល់​កំណត់​មុខ​សញ្ញា​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​បានចំនួន​០៤នាក់​ ក្នុង​នោះមានម្នាក់​ជា​អ្នក​ទទួល​ទិញ​ស្លាក​លេខ​រថយន្ដ​។

  ជន​សង្ស័យ​ទី​១-ឈ្មោះ​ សួង​ សៅនៀវ​ ភេទ​ប្រុស អាយុ​៣២ឆ្នំា​ មុខរបរ​ជាង​សំណង់ ស្នាក់នៅ​ភូមិ​ខ្វា​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ​(ទទួល​ទិញ​ស្លាក​លេខ​រថយន្ដ​)។ 

ជន​សង្ស័យ​ទី​២-ឈ្មោះ​ ផាន​ សុីណា​ ភេទ​ប្រុស អាយុ​២៨ឆ្នំា​ មុខរបរ​កម្ម​ករ​សំណង់​ស្នាក់នៅ​បន្ទប់​ជួល​ក្នុងភូមិ​អូដឹម​ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែនជ័យ​(អ្នក​លួច​ស្លាក​លេខ​រថយន្ដ​)។ 

ជន​សង្ស័យ​ទី​៣​-ឈ្មោះ​អ៊ុន​ ប្រុស​ ភេទ​ប្រុស អាយុ​៣៥ឆ្នំា​ មុខរបរ​មិន​ពិត​ប្រាកដ​ស្នាក់​នៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ​(ជា​អ្នកលួច​ស្លាក​លេខ​រថយន្ដ​)។ 

ជន​សង្ស័យ​ទី​៤​-ឈ្មោះ​ សិត​ ដេឌី​ ភេទ​ប្រុស  អាយុ​២២ឆ្នំា​ មុខរបរ​មិន​ពិត​ប្រាកដ​ស្នាក់​នៅ​ភូមិ​ព្រៃ​ព្រីង​ខាង​ត្បូង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែនជ័យ​(អ្នក​លួច​ស្លាក​លេខ​រថយន្ដ​)។ ចំណែក​ឯ​ជន​រងគ្រោះ​ឈ្មោះ​ សៀម​ ស្រី​លាវ​ ភេទ​ស្រី​អាយុ​៣៤ឆ្នំា​ មុខរបរ​នៅ​ផ្ទះ ស្នាក់នៅ​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែនជ័យ​។ 

  សម្ភារដក​ហូត​រួម​មាន​៖​ ម៉ូទ័រ​សម្រាប់ដោះ​ស្លាក​លេខ​រថយន្ដ​ចំនួន​០១គ្រឿង​និង​ស្លាក​លេខ​រថយន្ដ​ចំនួន​៧បន្ទះ។ 

  បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​កម្លាំង​នគរបាល​នៃ​អធិការ​ដ្ឋានខណ្ឌ​ពោធិ៍​សែនជ័យ​កំពុង​សាក​សួរ​ដេីម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖