អន្តរជាតិ៖ នៅថ្ងៃទី២៤ខែធ្នូ មន្ត្រីក្នុងតំបន់បានបញ្ជាក់ថា មានករណីឆាបឆេះស្រឡាងដឹកអ្នកដំណើរ ស្ថិតនៅក្នុងស្រុក Jhalakathi ចម្ងាយពីទីក្រុង Dhaka ប្រទេសបង់ក្លាដែសប្រមាណជា២៥០គីឡូម៉ែត្រ ។ នេះជាករណីគ្រោះថ្នាក់ថ្មីបំផុតនៅក្នុងប្រទេសបង់ក្លាដែស។
ប្រព័ន្ធផ្សព្វផ្សាយបង់ក្លាដែសបានផ្សាយថា ស្រឡាងដែលឆាបឆេះខាងលើដឹកអ្នកដំណើរប្រមាណ ៨០០នាក់ ធ្វើដំណើរពីទីក្រុង Dhaka ទៅកាន់ស្រុក Barguna ភាគខាងត្បូងនៃប្រទេសបង់ក្លាដែស។
លោក Fazlul Haque មន្ត្រីពន្លត់អគ្គិភ័យនៃប្រទេសបង់ក្លាដែស បានឱ្យដឹងថា បានរកឃើញសាកសព៣៧នាក់ស្លាប់ និង ៧២នាក់រងរបួស ។ ចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើងខ្ពស់ ហើយសកម្មភាពស្វែងរកកំពុងតែបន្តយ៉ាងសកម្ម។ នៅពេលនេះមូលហេតុបង្កឱ្យមានគ្រោះអគ្គិភ័យនេះមិនទាន់ដឹងច្បាស់នៅឡើយទេ៕ ដោយ៖ធីរីណា
រូបថត៖daidoanket.vn