ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានឱ្យដឹងថា ដើម្បីបន្តការពារនូវសុខុមាលភាពជូនប្រជាពលរដ្ឋ ទប់ស្កាត់អំពើមិនសុចរិតក្នុងធុរកិច្ចពាណិជ្ជកម្ម និងការពារផលប្រយោជន៍ជូនអ្នកប្រើប្រាស់ មន្ត្រីជំនាញ តែងតែចុះ ត្រួតពិនិត្យនូវទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ នៅតាមទីតាំងលក់ដូរដូចជា៖ ម៉ាត ហាងតាមផ្ទះ ជាពិសេសតាមផ្សារនានា ក្នុងរាជធានី ខេត្ត ក្រុងទាំង២៥។
មន្រ្តីដដែលបន្តថា ជាក់ស្ដែងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ លទ្ធផលនៃការចុះស្រាវជ្រាវ ត្រួតពិនិត្យរក និងទប់ស្កាត់នូវទំនិញមិនអនុលោមរយៈពេលជិត ២ខែមកនេះ មន្ត្រីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ បានធ្វើការកម្ទេចចោលនូវទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៤៩០គីឡូក្រាម និងអាលកុលក្លែងក្លាយ (មេតាណុល) ចំនួន ៧០០លីត្រនៅទីលានចាក់សម្រាមខណ្ឌដង្កោ ដែលទំនិញទាំងអស់នោះត្រូវបានមន្រ្តីជំនាញរកឃើញ និងដកហូតនៅលើបណ្ដាទីផ្សារ តាមឃ្លាំងស្ដុក ផ្សេងៗមករក្សាទុករយៈពេលជិត ២ខែកន្លងមក។
ក្រោយប្រតិបត្តិការ មន្ត្រីជំនាញបានធ្វើការពិន័យអន្តរការណ៍ចំពោះម្ចាស់អាជីវកម្មដែលប្រព្រឹត្តល្មើស និងតម្រូវឱ្យធ្វេីកិច្ចសន្យាកែតម្រូវផងដែរ៕
ដោយ៖ស តារា