ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​បរិស្ថាន​ ពង្រឹងចំណេះដឹងអនាម័យបរិស្ថាននៅតាមសាលារៀន

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងបរិស្ថាន ផ្តល់ធុងញែកសំរាមដល់សាលារៀនចំនួនជាង៦០កន្លែងក្នុងរាជធានីភ្នំពេញ តាមរយៈគម្រោងធុងសំរាម ដែលបានអនុវត្តដោយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ការចូលរួមពង្រឹងចំណេះដឹងអនាម័យបរិស្ថានតាមសាលារៀនក៏ដូចជាការលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃសៅរ៍ទី២៥​ ខែធ្នូ​ ឆ្នាំ​២០២១។ 

បេី​តាមលោកខ្វៃ អាទិត្យា អគ្គនាយករងនៃអគ្គនាយកដ្ឋានចំណេះដឹង​ និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន​ កាលពីរសៀលថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញចូលរួមជាមួយលោក សន ប៊ុនមាន អនុប្រធានលេខាធិការដ្ឋានសសយក រាជធានីភ្នំពេញ លោក ហេង ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខណ្ឌបឹងកេងកង មន្រ្តីក្រសួងបរិស្ថាន គណៈគ្រប់គ្រងសាលា នាយកសាលា យុវជន និងសិស្សានុសិស្ស មួយចំនួន បានប្រគល់ធុងសំរាមដល់សាលារៀនចំនួន៥នៅក្នុងខណ្ឌបឹងកេងកង។

លោក ខ្វៃ អាទិត្យា បានលើកឡើងថា ការគ្រប់គ្រងសំរាមមិនបានត្រឹមត្រូវ បង្កឲ្យមានផលប៉ះពាល់ដល់សុខភាពសាធារណៈ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី ការបំពុលបរិយាកាស ទឹក ដី ខ្យល់ ការគំរាមកំហែងដល់និរន្តរភាពធនធានធម្មជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច។ ជាមួយគ្នានេះសំរាមថង់ប្លាស្ទិកបង្កផលប៉ះពាល់ដល់បរិស្ថាន សុខភាពមនុស្សសត្វ និងជីវៈចម្រុះផ្សេងៗ ដូច្នេះការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកជាជំរើសដ៏ល្អ។ 

ក្នុងឱកាសនោះ លោក សន ប៊ុនមាន  បានបញ្ជាក់ថាការច្នៃប្រឌិតធុងសំរាមជាក្អម ជាអង្រុតជាដើមនេះ គឺចង់បញ្ហាថារបស់ទាំងអស់នេះជាអត្តសញ្ញាណរបស់ខ្មែរ និងចូលរួមថែរក្សានូវមរតកខ្មែរ ទុកឱ្យក្មេងជំនាន់ក្រោយបានស្គាល់ និងបានផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយពីការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងការចូលរួមកាត់បន្ថយការបញ្ចេញសំរាមដែលដាក់បន្ទុកទៅលើទីលានចាក់សំរាម៕

ដោយ​៖សហការី​


ចែករំលែក៖