អន្តរជាតិ៖ រដ្ឋាភិបាលម៉ាឡេស៊ីបានរងការថ្កោលទោសយ៉ាងខ្លាំងពីមហាជន ដោយសារតែការយឺតយ៉ាវក្នុងការដោះស្រាយវិបត្តិគ្រោះទឹកជំនន់បណ្តាលឱ្យមនុស្សរាប់សិបម៉ឺននាក់ត្រូវភៀសខ្លួន និងស្លាប់កើនឡើងជិត៥០នាក់ហើយ។
ទឹកជំនន់ដ៏អាក្រក់ប្រចាំទសវត្សរ៍ នៅតាមបណ្តារដ្ឋមួយចំនួនស្ថិតក្នុងឧបទ្វីបម៉ាឡេស៊ី ក្នុងនោះរួមទាំងរដ្ឋធានីគូឡាឡាំពួរផងដែរ បានបណ្តាលឱ្យមនុស្សស្លាប់កើនឡើងដល់៤៦នាក់ហើយ ខណៈដែលការបោសសម្អាត និងស្តារភាពខូចខាតកំពុងតែបន្តនៅឡើយ។
កាលពីចុងសប្តាហ៍មុននេះ ភ្លៀងបានធ្លាក់យ៉ាងគំហុកបង្កឡើងដោយប្រព័ន្ធសម្ពាធទាប គ្របដណ្តប់លើដែនដីប្រទេសម៉ាឡេស៊ី ដែលស្ថិតនៅជាប់ព្រំដែនប្រទេសថៃ បានបង្កឱ្យរដ្ឋធំៗមួយចំនួនជួបគ្រោះទឹកជំនន់ ខណៈដែលក្រុមអ្នកជំនាញអាកាសធាតុនៃប្រទេសអាស៊ានមួយនេះបានអះអាងថា វាជាគ្រោះធម្មជាតិដ៏អាក្រក់បំផុត មិនធ្លាប់កើតមាន១០០ឆ្នាំមកហើយ។
ទឹកជំនន់ខាងលើនេះក៏បានបង្ខំឱ្យមនុស្សរាប់ម៉ឺននាក់ភៀសខ្លួនទៅរកទីកន្លែងមានសុវត្ថិភាពផងដែរ។ ក្រៅពីការបាត់បង់អាយុជីវិតប្រជាជន និងខាតបង់ហេដ្ឋារចនាសម្ព័ន្ធជារួម អាជ្ញាធរម៉ាឡេស៊ីក៏រំពឹងផងដែរថា ចំនួនអ្នកឆ្លងជំងឺ COVID-19 នឹងកើនឡើង ព្រោះតែប្រជាជនដែលបានភៀសខ្លួនទៅរស់នៅផ្តុំគ្នាជាបណ្តោះអាសន្ននោះ៕ ដោយ៖ធីរីណា
រូបថត៖TTXVN.VNA