ភ្នំពេញ ៖ រថយន្តសណ្ដោងទូកុងតឺន័រមួយគ្រឿងបានបើកបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ និងឆ្លងទៅផ្លូវម្ខាងទៀតបុករះម៉ូតូពីរគ្រឿងទាំងកំរោល បណ្ដាលឱ្យនារីម្នាក់ស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ និងបុរសម្នាក់ទៀតរងរបួសធ្ងន់។ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃសៅរ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ត្រង់ចំណុចជិតច្រកចូលទីលានចាក់សំរាម ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ ។
សពនារីរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តធុនធំ ប្រភេទសណ្ដោងកុងតឺន័រ ក្បាលពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3C-2670 បានធ្វេីដំណើរតាមបណ្ដោយផ្លូវលេខ២១៧ពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើសង្ស័យតែតៃកុងស្រវឹងស្រាទេីបបានបើករថយន្តទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ និងឆ្លងទៅផ្លូវម្ខាងទៀតបុករះម៉ូតូពីរគ្រឿងដែលកំពុងធ្វើដំណើរបញ្ច្រាសគ្នាពីត្បូងទៅជើងបណ្ដាលឱ្យនារីម្នាក់ជិះម៉ូតូZoomer-X ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1AB -7324 បានស្លាប់ពេលបញ្ចូនជិតដល់មន្ទីរពេទ្យ និងបណ្ដាលឲ្យបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ តាកែវ1P-4870រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយរបស់មន្ទីរពេទ្យឯកជនដឹកទៅសង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានខណ្ឌដង្កោ បានចុះមកដល់ចំណុចកើតហេតុ និងបានទាក់ទងបន្តទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកវាស់វែងយករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅរក្សាទុក រង់ចាំដោះស្រាយតាមច្បាប់នាពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ