ខេត្តកំពត ៖ បើយោងតាមផេក (Cambodia 2023) ជាមួយពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅ_ស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា #កីឡារស់ក្នុងសន្ដិភាព និង#ប្រភពរូបភព_សហព័ន្ធកីឡាទូកកានូ_និងរ៉ូអ៊ីងកម្ពុជា បានបង្ហោះនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា , ក្រុមកីឡាករសមាគមទូកក្រសួងមហាផ្ទែ បានគ្រងម្ចាស់ជើងឯកលើវិញ្ញាសាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» ចម្ងាយ ១,០០០ម៉ែត្រ ខណៈក្រុមកីឡាការិនីសមាគមកីឡាទូកខេត្តកណ្តាល គ្រងជើងឯក ទូកប្រពៃណីខ្នាតអន្តរជាតិ ចម្ងាយ ៥០០ម៉ែត្រ បន្ទាប់ពីជ័យលាភីបុរស-នារីទាំងពីរ ធ្វើបានយ៉ាងល្អ នៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតកីឡាទូក កីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជើងឯកថ្នាក់ជាតិ និងពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៨ នៅខេត្តកំពត បានបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ។
វិញ្ញាសាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» ចម្ងាយ ១,០០០ម៉ែត្រនេះ ក្រៅពីក្រសួងមហាផ្ទៃ ដែលក្តោបក្តាប់មេដាយមាស គឺមេដាយប្រាក់បានទៅលើសមាគមកីឡាខេត្តកណ្តាល ខណៈមេដាយសំរឹទ្ធ បានទៅលើសមាគមកីឡាទូកខេត្តបាត់ដំបង។ ជ័យលាភីទូកប្រពៃណីខ្នាតអន្តរជាតិ ចម្ងាយ ៥០០ម៉ែត្រ នារី ក្រៅពីមេដាយមាស ដែលដណ្តើមបានដោយខេត្តកណ្តាល គឺតាមពីក្រោយដោយខេត្តស្វាយរៀង មេដាយប្រាក់ និងខេត្តកំពត មេសំរឹទ្ធ។ ចំពោះវិញ្ញាសាលើប្រភេទកីឡាទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង បុរស-នារី ចំនួន ៨វិញ្ញាសា ក៏ត្រូវបានគណៈកម្មការបច្ចេកទេសរកឃើញម្ចាស់ជ័យលាភីដូចគ្នាផងដែរ។
លោក ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បញ្ជាក់ថា ព្រឹត្តិការណ៍កីឡាទូកប្រចាំឆ្នាំ២០២១នេះ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចូលរួមសរុបចំនួន ២៨០នាក់ ក្នុងនោះ មានកីឡាការិនី ៤៨នាក់ មកពីក្រសួង-ស្ថាប័ន អង្គភាព សមាគមចំនួន ១៤។ ព្រឹត្តិការណ៍នេះ ត្រូវបានធ្វើឡើងដោយយោងតាមកម្មវិធីប្រកួតកីឡាប្រចាំឆ្នាំរបស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា និងយោងតាមកម្មវិធីប្រកួតប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោមគម្រោងថវិកាគាំទ្រសហព័ន្ធកីឡាជាតិ របស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាប្រចាំឆ្នាំ ក៏ដូចជាសម្រួចគោលដៅឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ផងដែរ។
ចំពោះពិធីបិទការប្រកួតនេះ ទទួលបានការផ្តល់កិត្តិយសពីលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា៕
ដោយ ៖ សិលា