ព័ត៌មានទាន់ហេតុការណ៍៖

មេឃខៀវ Man City បំបាក់ Leicester បន្តឈរកំពូលតារាង វ៉ាដាច់ក្រុមលេខ២រហូតដល់៦ពិន្ទុ

ចែករំលែក៖

ក្រុមការពារតំណែងជើងឯកមេឃខៀវ Manchester City បានបង្ហាញទម្រង់លេងយ៉ាងល្អ ដោយបានបំបាក់ក្រុមភ្ញៀវចចកកំណាច Leicester City ៦ទល់៣ ដើម្បី​ដណ្តើម​បាន​ជ័យ​ជម្នះ​ជា​លើក​ទី៩​ជាប់​ៗ​គ្នា​ក្នុង​ក្រប​ខ័ណ្ឌ Premier League ក្នុង​ទម្រង់​លេង​ដ៏​គួរ​ឱ្យចាប់អារម្មណ៍ ហើយ​វ៉ាដាច់៦ពិន្ទុពីក្រុមលេខ២​នៅ​កំពូល​តារាង។

ការប្រកួតក្នុងតង់ទី១ បានតែ៥នាទីប៉ុណ្ណោះក្រុមម្ចាស់ផ្ទះមេឃខៀវ Man City រកបានគ្រាប់បាល់១គ្រាប់នាំមុខនៅដោយកីឡាករ Kevin de Bruyne ។ ១៤នាទីក្រោយមកខ្សែការពារក្រុមភ្ញៀវ Leicester បានធ្វើឲ្យមានកំហុសនៅតំបន់គ្រោះថ្នាក់ ធ្វើឲ្យអាជ្ញាកណ្តាលផ្តល់បាល់ពិន័យប៉េណាល់ទីដោយស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ Riyad Mahrez ហើយនៅនាទីទី២១ កីឡាករ Ilkay Gundogan រកបាន១គ្រាប់ទៀតឲ្យ Man City មុនពេលខ្សែប្រយុទ្ធ Raheem Sterling ស៊ុតបាល់ពិន័យប៉េណាល់ទី១គ្រាប់ទៀត។

ការបន្តនាំមុខក្រុមភ្ញៀវ Leicester រហូតដល់៤គ្រាប់នៅតង់ទី១នេះ ធ្វើឲ្យក្រុមភ្ញៀវប្តូរយុទ្ធសាស្ត្រលេងនៅតង់ទី២ រហូតដល់រកបាន៣គ្រាប់តាមពីក្រោយវិញគឺនៅនាទីទី៥៥, នាទីទី៥៩ និងនាទីទី៦៥ ដោយកីឡាករJames Maddison, Ademola Lookman និង Kelechi Iheanacho ។

ភ្លាមៗក្រុមម្ចាស់ផ្ទះ Man City បានបន្តដាក់សម្ពាធទៅលើក្រុមភ្ញៀវ Leicester City រហូតដល់បាន២គ្រាប់បន្ថែមទៀតដោយកីឡាករAymeric Laporte នៅនាទីទី៦៩ និង១គ្រាប់ទៀតដែលជាគ្រាប់ទី៦ក្នុងការប្រកួតនេះរបស់ Man City ដោយកីឡាករ Raheem Sterling នៅនាទីទី៨៧ជិតចប់ការប្រកួតទៅហើយ ។

ចំណែកក្រុមភ្ញៀវកាំភ្លើងធំ Arsenal បានបំបាក់ក្រុមម្ចាស់ផ្ទះ Norwich City ៥ទល់០ ដែល៥គ្រាប់នេះរកបានដោយកីឡាករ Saka ២គ្រាប់ម្នាក់ឯង (នៅនាទីទី៦ និងនាទីទី៦៧), កីឡាករ Tierney ១គ្រាប់(នៅនាទីទី៤៤), កីឡាករ  Lacazette ១គ្រាប់ដោយប៉េណាល់ទី (នៅនាទីទី៨៤) និងកីឡាករ Smith Rowe រកបាននៅចុងម៉ោងនាទីទី៩០+១។

ដោយឡែកក្រុមមាន់ខ្នាយមាស Tottenham បានយកឈ្នះក្រុមភ្ញៀវ Crystal Palace ក្នុងលទ្ធផល៣ទល់០ ដែល៣គ្រាប់របស់ក្រុមមាន់ខ្នាយមាសរកបានដោយកីឡាករ Harry Kane នៅនាទីទី៣២, គ្រាប់ទី២រកបានដោយកីឡាករ Lucas Moura នៅនាទីទី៣៤ និងគ្រាប់ទី៣រកបានដោយខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង Son Heung-Min នៅនាទីទី៧៤។

ជាមួយគ្នានេះក្រុមភ្ញៀវតោខៀវ Chelsea ក៏បានយកឈ្នះក្រុមម្ចាស់ផ្ទះ Aston Villa ដូចគ្នាក្នុងលទ្ធផល៣ទល់១។ ការប្រកួតក្នុងតង់ទី១បាន២៨នាទី កីឡាករ James របស់ក្រុមតោខៀវ បានភ្លាត់ស្នៀតស៊ុតចូលទីខ្លួនឯង ប៉ុន្តែនៅនាទីទី៣២ កីឡាករ Jorginho បានរកសងវិញ១គ្រាប់ដោយប៉ាល់ពិន័យប៉េណាល់ទី។ ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមភ្ញៀវ Chelsea បានព្យាយាមសម្រុកបន្ថែមទៀតរហូតដល់រកបាន២គ្រាប់នាំមុខក្រុមម្ចាស់ផ្ទះ ដោយកីឡាករ Lukaku នៅនាទីទី៥៦ និងគ្រាប់ទី៣រកបានដោយកីឡាករ Jorginho ពីការស៊ុតបាល់ប៉េណាល់ទីនៅចុងម៉ោងនាទីទី៩០+៣។

លទ្ធផលខាងលើនេះបានធ្វើឲ្យក្រុមខ្លាំងៗទាំង៤បន្តរកបាន៣ពិន្ទុបន្ថែមទៀត ក្រោយថ្ងៃបុណ្យណូអែល ដោយក្រុម Man City បានបន្តឈរកំពូលតារាងមាន៤៧ពិន្ទុ ក្នុង១៩ប្រកួត, ក្រុម Arsenal ឡើងមកឈរលេខ៤ មាន៣៥ពិន្ទុ ក្នុង១៩ប្រកួត, ក្រុម Tottenham ឈរចំណាត់ថ្នាក់លេខ៥ មាន២៩ពិន្ទុ ក្នុង១៦ប្រកួត និងក្រុម Chelsea ឈរចំណាត់ថ្នាក់លេខ៣ដដែលមាន៤១ពិន្ទុ ក្នុង១៩ប្រកួត៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖