ព័ត៌មានទាន់ហេតុការណ៍៖

លោក ស្វាយ សំអ៊ាង អញ្ជើញបើកកញ្ចប់វិញ្ញាសាប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅក្នុងមណ្ឌលប្រឡងទាំង២

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ លោកស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញពិនិត្យបេក្ខជនប្រឡង លើកទឹកចិត្តដល់បេក្ខជនទាំង៧៧៩នាក់ ក្នុងនោះស្រី៤១៥នាក់ ក្នុងមណ្ឌលប្រឡងទាំង២មណ្ឌល ទី១.សាលាគរុកោសលភូមិភាគស្ទឹងត្រែង មណ្ឌលទី២.នៅវិទ្យាល័យព្រះរាជបូជនីយកិច្ច និងបើកកញ្ចប់វិញ្ញាសាប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងខេត្តស្ទឹងត្រែង សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ។

ក្នុងឱកាសនោះដែរ លោក ស្វាយ សំអ៊ាង  បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសារ ដោយត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ។   ជាមួយនេះ លោកអភិបាលខេត្ត ក៏បានជូនពរដល់សិស្សានុសិស្សទាំងអស់ឲ្យទទួលបានលទ្ធផលល្អនិងជោគជ័យគ្រប់វិញ្ញាសារ ហើយទទួលបាននិទ្ទេសល្អគ្រប់ៗគ្នាក្នុងសម័យប្រលងឆ្នាំសិក្សា ២០២០-២០២១ នេះ ដើម្បីបន្តទៅរៀននៅមហាវិទ្យាល័យ  និងដាក់ពាក្យប្រលងចូលបម្រើការក្នុងស្ថាប័នរដ្ឋ  ឬឯកជន  ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេស ។

គួរបញ្ចាក់ផងដែរថា ខេត្តស្ទឹងត្រែងមានមណ្ឌលប្រឡងចំនួន ០២មណ្ឌល  ក្នុងនោះមាន មណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែង និងមណ្ឌលវិទ្យាល័យព្រះរាជបូជនីយកិច្ច មានចំនួន ៣២បន្ទប់ បេក្ខជនសរុបចំនួន ៧៧៩នាក់ ស្រីចំនួន ៤១៥នាក់ ក្នុងនោះបែងចែកចេញជា២:  ១.ថ្នាក់វិទ្យាសាស្ត្រសង្គម មាន២៦បន្ទប់ បេក្ខជន ៦២៨នាក់, ២.ថ្នាក់វិទ្យាសាស្ត្រមាន ០៧បន្ទប់ បេក្ខជន ១៥១នាក់ ស្រី ៨៣នាក់៕

ដោយ៖ មាស សុផាត


ចែករំលែក៖