ព័ត៌មានទាន់ហេតុការណ៍៖

អ្នកជំនាញអូស្ត្រាលី៖ វីរុសបំប្លែងថ្មី អូមីក្រុង មិនគ្រោះថ្នាក់ដូចវីរុសដែលតាឡើយ

ចែករំលែក៖

អន្តរជាតិ៖ បើទោះបីមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់នៅក្នុងប្រទេសអូស្ត្រាលីក្តី ក៏ចំនួនអ្នកជំងឺឆ្លងកូវីដ-១៩ ហើយធ្លាក់ខ្លួនឈឺធ្ងន់ចូលមន្ទីរពេទ្យក្នុងប្រទេសនេះគឺមានចំនួនតិចតូចណាស់ បើប្រៀបធៀបនឹងវីរុសដែលតា។
វីរុសបំប្លែងថ្មីអូមីក្រុង បាននិងកំពុងឆ្លងរាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេសអូស្ត្រាលី ដោយមានករណីឆ្លងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ប៉ុន្តែក្រុមអ្នកឯកទេសស្តីពីជំងឺឆ្លងរបស់អូស្ត្រាលីបានបញ្ជាក់ថា វីរុសនេះមិនបង្កឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ដូចជា វីរុសកូវីដ-១៩ បំប្លែងថ្មីផ្សេងទៀតនោះឡើយ។
បើទោះបីបែបណាក្តី តែអូស្ត្រាលីនៅតែប្រុងប្រយ័ត្នខ្ពស់ទប់ស្កាត់ការឆ្លង។ នៅថ្ងៃទី២៧ខែធ្នូនេះអូស្ត្រាលីមានករណីស្លាប់ដំបូង ដោយសារវីរុស COVID-19 បំប្លែងថ្មីអូមីក្រុង ដែលកំពុងរាតត្បាតកាន់តែខ្លាំង ប៉ុន្តែអាជ្ញាធរអូស្ត្រាលីមិនទាន់ដាក់ចេញនូវវិធានការរឹតត្បិតអ្វីនៅឡើយទេ ព្រោះអត្រាចូលសម្រាកមន្ទីរពេទ្យដោយសារមេរោគថ្មីនេះ នៅតែមានកម្រិតទាប។

សម្រាប់ករណីស្លាប់ដំបូងខាងលើនេះ គឺជាបុរសវ័យចំណាស់អាយុ ៨០ឆ្នាំម្នាក់ ដែលមានជំងឺប្រចាំកាយស្រាប់ទៅហើយ។ ថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ ជាពិសេសនៅប្រទេសអាហ្វ្រិកខាងត្បូង និងចក្រភពអង់គ្លេសបានរកឃើញដូចៗគ្នាថា វីរុស COVID-19 បំប្លែងថ្មី Omicron មានសមត្ថភាពអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់បានឆាប់រហ័សជាងវីរុស Delta ប៉ុន្តែអត្រាចូលសម្រាកមន្ទីរពេទ្យ ដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរនោះ គឺមានកម្រិតទាបជាង Delta ឆ្ងាយ។
អាជ្ញាធរអូស្ត្រាលីមិនបានរៀបរាប់លម្អិតអំពីករណីស្លាប់ដំបូងខាងលើនេះឡើយ ដោយគ្រាន់តែបង្ហើបព័ត៌មានមួយចំនួនថា បុរសវ័យ ៨០ឆ្នាំខាងលើនេះបានឆ្លងវីរុស នៅក្នុងមណ្ឌលថែទាំមនុស្សចាស់មួយកន្លែង និងបានស្លាប់នៅក្នុងមន្ទីរពេទ្យមួយ នាទីក្រុងស៊ីដនី។ ដោយឡែកនៅថ្ងៃចន្ទនេះ រដ្ឋធំៗចំនួន៣នៅអូស្ត្រាលីដូចជា ញូវសោតវែលស៍ (New South Wales), វិចតូរៀ (Victoria) និង ឃ្វីនស៍លែន (Queensland) បានប្រកាសរកឃើញករណីជំងឺ COVID-19 ថ្មីៗសរុបរហូតដល់ទៅដល់ ៩,១០៧ករណី ក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅ ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់់បំផុតមិនធ្លាប់មាន៕ ដោយ៖ធីរីណា

រូបថត៖The Australian


ចែករំលែក៖