ខេត្តស្វាយរៀង ៖ យោងតាមរបាយការណ៍របស់មន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀងបានអោយដឹងថានៅក្នុងឆ្នាំសិក្សា២០២០-២០២១នេះ ខេត្តស្វាយរៀងមានបេក្ខជនបានចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសរុប ៣.៨១១នាក់ ស្រី ១.៩២៤នាក់ ចែកចេញជា៧មណ្ឌល និង១៥៤បន្ទប់។
របាយការណ៍បញ្ជាក់ថា ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មានបេក្ខជនចំនួន ៨០៣នាក់ ស្រី៤៨២នាក់ ចែកចេញជា ០២មណ្ឌល (មាន៣៣បន្ទប់) រួមមាន មណ្ឌលវិទ្យាល័យ ហ៊ុនសែន ចេក និងមណ្ឌលវិទ្យាល័យ បឋមសិក្សា ហ៊ុន សែន កន្ទុយវ៉ៃ ។
ចំពោះ ថ្នាក់វិទ្យាសាស្ត្រសង្គម មានបេក្ខជនចំនួន ៣.០០៨នាក់ ស្រី១.៤៤២នាក់ ចែកចេញជា ០៥មណ្ឌល (មាន ១២១បន្ទប់) រួមមាន៖ មណ្ឌលវិទ្យាល័យស្វាយរៀងខាងជើង មណ្ឌលវិទ្យាល័យស្វាយរៀងខាងត្បូង មណ្ឌលសាលាបឋមសិក្សាព្រះសីហនុ មណ្ឌលសាលាបឋមសិក្សា ២ធ្នូ និងមណ្ឌលសាលាគរុកោសល្យ និងវិក្រឹត្តិការខេត្ត ។
ជាក់ស្ដែង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០២១ នៅមណ្ឌលវិទ្យាល័យស្វាយរៀងលោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោក ថោង បូរ៉ាន់ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមអមដំណើរដោយអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញចូលរួមក្នុងពិធីបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ស្ថិតនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសារ ដោយត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ។
ជាមួយនេះ លោកអភិបាលខេត្ត ក៏បានជូនពរដល់សិស្សានុសិស្សទាំងអស់ឲ្យទទួលបានលទ្ធផលជោគជ័យ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ហើយរដ្ឋបាលខេត្តនៅតែបន្ត និងត្រៀមរង្វាន់សម្រាប់ផ្ដល់ជូនសិស្សានុសិស្សដែលទទួលបាននិទ្ទេសល្អប្រសើរផងដែរ ៕
ដោយ៖យឹម សុថាន