សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្រ្វិក (CAF) បានឲ្យដឹងថា កីឡាករបាល់ទាត់ឥឡូវនេះអាចលេងឱ្យក្លិបរបស់ពួកគេរហូតដល់ថ្ងៃទី៣ ខែមករា មុនពេលចាកចេញទៅបំពេញកាតព្វកិច្ចឲ្យជម្រើសជាតិរៀងៗខ្លួនក្នុងការប្រកួតពានរង្វាន់ Africa Cup of Nations ។
ច្បាប់របស់ FIFA ចែងថា ក្លិបត្រូវបញ្ចេញកីឡាករត្រឹមថ្ងៃទី២៧ ខែធ្នូ សម្រាប់ការប្រកួតដែលនឹងចាប់ផ្តើមនៅថ្ងៃទី៩ ខែមករា ប៉ុន្តែលិខិតមួយច្បាប់ពី FIFA ទៅកាន់វេទិកា World Leagues Forum បានសរសេរថា CAF បានយល់ព្រមឲ្យកីឡាករអាចចូលលេងក្នុងការប្រកួតផ្លូវការសម្រាប់ក្លិបរបស់ពួកគេរហូតដល់ថ្ងៃទី៣ ខែមករា។ FIFA បានអះអាងថា ការសម្រេចចិត្តនេះគឺធ្វើឡើងក្នុងស្មារតីសុច្ឆន្ទៈ និងសាមគ្គីភាព។
ការសម្រេចនេះមានន័យថា ក្លិប Liverpool នឹងអាចហៅខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah, ខ្សែបម្រើស្លាបសេណេហ្គាល់ Sadio Mane និងខ្សែបម្រើហ្គីណេ Naby Keita សម្រាប់ការប្រកួតរបស់ពួកគេនៅថ្ងៃទី២ ខែមករាទល់នឹងក្រុម Chelsea ដែលនឹងមានអ្នកចាំទីសញ្ជាតិសេណេហ្គាល់ Edouard Mendy ផងដែរ។
ចំណែកកីឡាករអាល់ហ្សេរី Riyad Mahrez និង Said Benrahma អាចលេងឱ្យ Manchester City និង West Ham រៀងៗខ្លួន ខណៈអ្នកផ្សេងទៀតក៏នឹងទទួលបានអត្ថប្រយោជន៍ផងដែរ។
ការប្រកួតពានរង្វាន់ Africa Cup of Nations ដំណើរការរហូតដល់ថ្ងៃទី៦ ខែកុម្ភៈ ហើយក្រុម Leeds United, Newcastle United, Norwich City និង Tottenham ជាក្រុមនៅ Premier League ដែលមិនមានកីឡាករនៅតំបន់អាហ្វ្រិក ។
នៅក្នុងលិខិតរបស់អគ្គលេខាធិការរង FIFA លោក Mattias Grafstromទៅកាន់វេទិកាលីកពិភពលោក និងការដាក់ជាក្រុមនៃលីកអឺរ៉ុប បានឲ្យដឹងថា ការសម្រេចចិត្តត្រូវបានធ្វើឡើង ជាមួយក្លិបដែលរងផលប៉ះពាល់ដោយទទួលស្គាល់ការពិតដែលថាពួកគេដូចជាសមាជិកទាំងអស់នៃកីឡាបាល់ទាត់ ហើយសហគមន៍នេះបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការចាប់ផ្ដើមនៃជំងឺរាតត្បាតកូវីដ-១៩”។
លោកបានបន្ថែមថា “វាត្រូវបានគេសន្មត់ថាស្មារតីនៃកិច្ចសហប្រតិបត្តិការទៅវិញទៅមកនៅតែមានរវាង CAF និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងរឿងនេះ រួមទាំងពាក់ព័ន្ធនឹងការប្រកួតរបស់កីឡាករ និងការផ្តល់ការលើកលែងកីឡាចំពោះការធ្វើដំណើរ និងការរឹតបន្តឹង, ការដាក់ឱ្យនៅដាច់ដោយឡែក ប្រសិនបើចាំបាច់នៅពេលអនាគត” ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)