ប្រទេសចិន៖ ករណីឆ្លងកូវីដ-១៩ ក្នុងសហគមន៍នៃប្រទេសចិនបានកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសនៅក្នុងទីក្រុងស៊ីអាន ខណៈការបិទទីក្រុងដែលមានពលរដ្ឋ១៣លាននាក់នេះឈានចូលដល់ថ្ងៃទី៥ហើយ។
នៅថ្ងៃទី២៧ខែធ្នូ ចិនបានរកឃើញករណីឆ្លងកូវីដ-១៩ ក្នុងសហគមន៍ចំនួន១៦២នាក់ ក្នុងរយៈពេល២៤ម៉ោង គឺកើនឡើងខ្ពស់ជាងថ្ងៃទី២៦ខែធ្នូដែលមានតែ ១៥៨នាក់ ។ ទោះបីមានករណីឆ្លងកូវីដ-១៩កើនឡើងក្តី ប៉ុន្តែមិនមានករណីស្លាប់នោះឡើយ។ នេះគឺជាករណីឆ្លងកូវីដ-១៩ខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រទេសចិនគិតចាប់តាំងពីខែមីនាឆ្នាំ២០២០មក។
គិតត្រឹមថ្ងៃទី២៦ខែធ្នូ ចិនមានករណីឆ្លងកូវីដ-១៩ សរុបទូទាំងប្រទេសជាង ១០១.២៧៧នាក់ និងស្លាប់៤.៦៣៦នាក់។ ចិនជាប្រទេសផ្ទុះកូវីដ-១៩ដំបូងគេបង្អស់ប៉ុន្តែករណីឆ្លងវិញគឺមានតិចជាងប្រទេសជាង១០០នៅជុំវិញពិភពលោក ។ បច្ចុប្បន្នចិនមានករណីឆ្លងឈរលំដាប់ទី១១៤ ក្នុងចំណោមជាង២២០ប្រទេសនិងដែនដីជុំវិញពិភពលោក។
ករណីឆ្លងកូវីដ-១៩ នៅក្នុងទីក្រុងស៊ីអានពេលនេះបានឆ្លងរាលដាលដល់ទីក្រុងចំនួន៥ផ្សេងទៀត ក្នុងនោះមានទាំងទីក្រុងប៉េកាំងផងដែរ បានបង្កក្តីបារម្ភយ៉ាងខ្លាំងពីការឆ្លងកូវីដ-១៩ ខណៈដែលទីក្រុងប៉េកាំងបានត្រៀមលក្ខណៈរួចរាល់សម្រាប់ការប្រកួតកីឡាអូឡាំពិករដូវរងានាពេលខាងមុខ៕ ដោយ៖ធីរីណា
រូបថត៖Reuters