ភ្នំពេញ ៖ ផ្ទះសង់ពីឈេីប្រក់ស័ង្កសី និងខាងក្រោមធ្វើអំពីថ្មត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ កាលពីវេលាម៉ោង១១និង២០នាទីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅផ្លូវបេតុង ក្រុម២ ភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។
ម្ចាស់ផ្ទះខាងលើមានឈ្មោះ ម៉េត ផល្លា ភេទស្រី អាយុ៦១ឆ្នាំ មុខរបរកសិករ ស្នាក់នៅចំណុចកើតហេតុខាងលើ។
តាមសម្ដីស្ត្រីដែលជាម្ចាស់ផ្ទះបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគាត់បានឮសូរសំឡេងផ្ទុះនៅលេីផ្ទះ រួចហើយក៏ឃើញមានផ្សែងហុយ និងអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅចេញពីបន្ទប់ជាន់ខាងលើនោះ ។ ជាមួយគ្នានោះដែរក៏មានអ្នកភូមិបាននាំគ្នាតទុយយោទឹកជួយបាញ់ទប់ស្កាត់ដែរ តែដោយសារតែស្ថានភាពភ្លើងឆាបឆេះខ្លាំងពេកពុំអាចទប់ទល់ស្ថានការណ៍បាន ទើបទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចេញរថយន្តពន្លត់អគ្គិភ័យមកជួយធ្វើអន្តរាគមន៍បាញ់ទឹកទប់ស្កាត់កុំឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងបន្តទៀត។ ពេលពន្លត់អគ្គិភ័យនេះកម្លាំងជំនាញបានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យដោយប្រើអស់ទឹកចំនួន៣គ្រឿងទេីបអគ្គិភ័យខាងលេីនេះរលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង១២និង១០នាទីថ្ងៃដដែល។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះអគ្គិភ័យខាងលើគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ គឺគ្រាន់តែខូចខាតផ្ទះអស់មួយខ្នងទាំងស្រុង រួមនឹងសម្ភារក្នុងផ្ទះមួយចំនួនធំផងដែរ៕
ដោយ ៖ ភារ៉ា ដង្កោ