ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នាថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២៧ ធ្នូ ២០២១ បានបញ្ចប់ទៅដោយជោគជ័យ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ ដោយបេក្ខជនបានគោរពតាមបទប្បញ្ញត្តិដែលដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា។
ក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ថា, បេក្ខជនប្រឡងឆ្នាំនេះ មានចំនួន១១៤ ១៨៣នាក់ ស្រី៦០៣៩៧នាក់ មាន ២០៤ មណ្ឌល ៤៦១៦ បន្ទប់ ។ ចំនួនបេក្ខជនអវត្តមានថ្ងៃនេះមានចំនួន៤២២៤នាក់ (ស្រី១៧៩៤នាក់) ត្រូវជាភាគរយ៣,៧ %។ សម្រាប់ការប្រឡងនាថ្ងៃទី១នេះ ថ្នាក់វិទ្យាសាស្ដ្របានប្រឡងមុខវិជ្ជាប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា និងភាសាបរទេស ចំណែកឯបេក្ខជនថ្នាក់វិទ្យាសាស្ដ្រសង្គមបានប្រឡងមុខវិជ្ជាផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា និងភាសាបរទេស។
នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ បេក្ខជនអនុវត្តតាមបទប្បញ្ញត្តិ វិធានសុខភាពនិងសុវត្ថិភាព និងសេចក្ដីណែនាំប្រតិបត្តិនានា របស់ក្រសួងអប់រំ យុវជន និងកីឡា គ្មានការយកសំណៅឯកសារ ឬឧបករណ៍អេឡិចត្រូនិក ចូលក្នុងមណ្ឌល និងបន្ទប់ប្រឡងឡើយ។ បេក្ខជនទាំងអស់បានអនុវត្តយ៉ាងល្អ និងខិតខំប្រឹងប្រែង ក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន។
គណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស មានការចិត្តយកទុកដាក់បំពេញភារកិច្ច ប្រកបដោយទំនួលខុសត្រូវខ្ពស់ ដោយមានការចូលរួមសហការពី អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។
បេក្ខជនមានបញ្ហាសុខភាព ចំនួន ២៩ករណី ក្នុងនោះបេក្ខជនមានជំងឺកូវីដ-១៩ ដែលជាកីឡាការិនី ចំនួន ២នាក់ បេក្ខជនមានកម្តៅលើសធម្មតា ដែលត្រូវដាក់អោយប្រឡងនៅបន្ទប់ដាច់ដោយឡែកចំនួន៧នាក់ និងបេក្ខជនមានបញ្ហាសុខភាពដ៏ទៃទៀតចំនួន២០នាក់។ បេក្ខជនដែលមានបញ្ហាសុខភាព និងវិជ្ជមានជំងឺកូវីដ-១៩ អាចបន្តការប្រឡងរហូតដល់ចប់ ក្រោមការយកចិត្តទុកដាក់ពីគណៈមេប្រយោគ ភ្នាក់ងារសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ។ នៅក្នុងដំណើរការប្រឡងនាថ្ងៃទី១ នេះក៏មានគណៈមេប្រយោគចំនួន២នាក់ ផងដែរដែលមានបញ្ហាសុខភាព ។
ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណដល់គណៈមេប្រយោគ គណៈកម្មាការ ក្រសួងស្ថាប័នពាក់ព័ន្ធដែលមានដូចជា ក្រសួងមហាផ្ទៃ អាជ្ញាធរដែនដី ក្រសួងសុខាភិបាល កងកម្លាំង អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា អគ្គីសនីកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ មាតាបិតា ព្រមទាំងសិស្សានុសិស្សទាំងអស់ដែលចូលរួម បំពេញតួនាទី និងគោរពទៅតាមបទប្បញ្ញត្តិបានល្អ ធ្វើឲ្យដំណើរការប្រឡងថ្ងៃទី១ បញ្ចប់ទៅដោយភាពរលូន និងជោគជ័យ៕
ដោយ ៖ សុខ ខេមរា