ខេត្តសៀមរាប ៖ នៅថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នៅបន្ទប់ប្រជុំធំ រដ្ឋបាលខេត្តសៀមរាប មានបេីកកិច្ចប្រជុំ ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិរបស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តសៀមរាប អាណត្តិទី៣ ប្រចាំឆ្នាំ២០២១ ក្រោមសហអធិបតីភាព លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និង លោក គៀង សេងគី អនុប្រធានសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ (សម័្ពន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន) និងមានការចូលរួមពីសំណាក់ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ សមាជិកសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន មន្ត្រីសាលាខេត្ត តំណាងអង្គការជាតិ-អន្តរជាតិ និងមន្ទីរ-អង្គភាពពាក់ព័ន្ធ សរុបចំនួន ៨៧នាក់។
ក្នុងកិច្ចប្រជុំនេះដែរ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត បានចូលរួមអបអរសាទរចំពោះលទ្ធផលជាផ្លែផ្កា នៃកិច្ចប្រជុំ ក្រុមប្រឹក្សាប្រចាំឆ្នាំ២០២១ ដែលផ្តល់ឱកាសឱ្យក្រុមប្រឹក្សាសមាគម ត្រួតពិនិត្យ និងវាយតម្លៃលើសមិទ្ធផលសម្រេចបាន ដោយបានចែករំលែកមេរៀន បទពិសោធន៍ល្អៗ ព្រមទាំងបានកំណត់ទិសដៅការងារដែលត្រូវបន្តអនុវត្តក្នុងឆ្នាំ២០២២ ក្នុងគោលបំណងលើកកម្ពស់ និងពង្រឹងការអនុវត្តសិទ្ធិ អំណាច តួនាទី និងការទទួលខុសត្រូវស្របច្បាប់របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់នៅទូទាំង ខេត្តសៀមរាប និងបានកោតសរសើចំពោះសាមគ្គីភាព និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសមាគម នៅក្នុងការអនុវត្តតួនាទី ភារកិច្ច ស្របតាមគោលបំណង និងទិសដៅរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តសៀមរាប។
គោលបំណង នៃកិច្ចប្រជុំនេះ គឺ៖
-បង្ហាញរបាយការណ៍វឌ្ឍនភាព សមិទ្ធផលរបស់សមាគមដែលសម្រេចបានក្នុងឆ្នាំ២០២១
-ពិនិត្យ និងពិភាក្សាលេីផែនការសកម្មភាពដែលត្រូវអនុវត្តឆ្នាំ២០២២
-ផ្សព្វផ្សាយគោលនយោបាយគ្រប់គ្រង និងប្រតិបត្តិការរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្ត
-ផ្សព្វផ្សាយថវិកាសមាជិកភាព ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ឆ្នាំ២០២២ (២%)
-ផ្សព្វផ្សាយថវិកាចំណូល ចំណាយកម្មវិធីមរណៈសង្គ្រោះឆ្នាំ២០២១ និងលេីទិសដៅឆ្នាំ២០២២ ៕
ដោយ ៖ សិលា