ព័ត៌មានទាន់ហេតុការណ៍៖

ចុះត្រួតពិនិត្យនិងស្រាវជ្រាវដីព្រៃសហគមន៍ឈើទាលប្រើសដែលត្រូវក្រុមឧក្រិដ្ឋជនកាប់ផ្តួលរំលំអស់រាប់រយហិកតាពេលជួបឈើអារជាច្រើនម៉ែត្រគូបបែរជាមេព្រៃដើរហួសទៅវិញ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ដដែលជាដដែលនៅតែគ្មានចំណាត់ការ ខ្យល់នៅតែបក់ ដីនៅតែហុយ អង្គុយជូតទឹកភ្នែក ព្រោះតែមន្ត្រីជំនាញអសមត្ថភាព។ ជាក់ស្តែងនៅព្រឹកថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ក្រុមការងារមន្រ្តីជំនាញរដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ ដឹកនាំដោយលោកវ៉ា សុខា ដោយមានការចូលរួមពីសង្កាត់រដ្ឋបាលព្រៃឈើថាឡា ប៉ុស្តិ៍រដ្ឋបាលចំការលើ និងក្រុមការពារព្រៃសហគមន៍ឈើទាលប្រើស រួមនឹងអ្នកសារព័ត៌មានយើងផងដែរ បានចុះទៅដល់ទីតាំងដីព្រៃសហគមន៍ឈើទាលប្រើសដែលអ្នកសារព័ត៌មានយើងរាយការណ៍ជូនកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ និងធ្វើការផ្សព្វផ្សាយម្តងហើយនោះ ស្ថិតក្នុងភូមិរំដេង ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ក្រោយពីបានពិនិត្យនិងឃើញរូបភាព ឈើដួលរំលំយ៉ាងរដូករណែលគួរឲ្យ

សង្វេគបំផុត រួមទាំងមានការអារច្រៀកដឹកជញ្ជូនឈើឡើងរូងផ្លូវយកមកស្តុកទុកក្នុងចម្ការស្វាយចន្ទីមួយកន្លែងដើម្បីទុកលក់ចែកចាយបន្ត តែលោកវ៉ា សុខា មេព្រៃរូបនេះឃើញហើយគ្មានចំណាក់ការអ្វីទាល់តែសោះ។ 

   លោកវ៉ា សុខា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់បានត្រឹមនិយាយថា លោកនឹងរាយការណ៍ទៅលើ និងត្រៀមកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ពាក្យពេចន៍បែបនេះអ្នកសារព័ត៌មានយើងបានឮឡើងសង្កៀរត្រចៀកអស់ហើយ រួមទាំងការចេញផ្សាយជាបន្តបន្ទាប់ធ្វើឱ្យអ្នកអាន ប្រជាពលរដ្ឋឃើញហើយស្តាប់ទៅឮតែពាក្យដដែលៗ ធ្វើឱ្យពួកគាត់ផ្ទុះការរិះគន់ទៅលើលោកវ៉ា សុខា ថាគួរឱ្យអស់សំណើចណាស់ ពាក្យនេះឮសូរច្រើនដងហើយ តែនៅពុំទាន់ឃើញមានចំណាត់ការណាមួយឱ្យពិតប្រាកដជាក់លាក់ទៅតាមផ្លូវច្បាប់លើជនប្រព្រឹត្តបទល្មើសដែលកាប់រានទន្ទ្រាន ឈូសឆាយដីព្រៃរបស់រដ្ឋនោះទេ ជាពិសេសដីព្រៃសហគមន៍នេះតែម្ដង ព្រៃឈើនៅសេសសល់ឈរតែមុខ តែខាងក្នុងវិញក្លាយទៅវាលរហោឋាន ខ្លះក្លាយជាចម្ការអស់ទៅហើយ គ្មានឃើញអាជ្ញាធរ សមត្ថកិច្ច និងមន្ត្រីជំនាញណាចុះវែកមុខរកជនប្រព្រឹត្តទាំងនោះមកដាក់ទោសទណ្ឌនិងដកហូតដីនោះជាសម្បត្តិរដ្ឋវិញឡើយ។ គេឃើញតែជាប់ទោសទណ្ឌតែប្រជាពលរដ្ឋក្រីក្រ ស្លូតត្រង់ស៊ីឈ្នួលកាប់ព្រៃឱ្យគេគ្រាន់ដូរបាយ និងកាប់រានយកដីព្រៃរដ្ឋបន្តិចបន្តួចធ្វើចម្ការដាំដំណាំគ្រាន់បានផលចិញ្ចឹមគ្រួសារតែប៉ុណ្ណោះ បែរជាមន្ត្រីជំនាញនិងសមត្ថកិច្ចធ្វើការស្រាវជ្រាវចុះបង្ក្រាបភ្លាមៗ ដោយសំអាងហេតុផ្អែកទៅលើបទល្មើសជាក់ស្ដែង ដែលកំពុងប្រព្រឹត្ត។ នេះសបញ្ជាក់ឲ្យឃើញថា មេខ្លោងធំៗមានលុយ មានអំណាចដែលមានគ្រឿងចក្រដើរវ៉ៃព្រៃគ្រប់ច្រកល្ហកក្នុងទឹកដីស្រុកថាឡាបរិវ៉ាត់មួយនេះទាល់តែអស់ព្រៃឈើ ទើបឈប់ ព្រោះមន្ត្រីជំនាញទាំងនោះអសមត្ថភាព គ្មានចំណាត់ការទៅលើបទល្មើសឡើយ ។

  បើតាមប្រភពបានផ្ដល់ព័ត៌មានមកថា ដីព្រៃសហគមន៍ឈើទាលប្រើសខាងលើនេះ រងនូវការកាប់ទន្ទ្រានរុករានអស់រាប់រយហិកតាមកហើយដោយគ្មានការទប់ស្កាត់ឬបង្ក្រាបពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ  សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធនោះឡើយ។ ទោះបីជាបានដឹងនិងស្កាល់ឈ្មោះហេង ផល្លា នោះជាអ្នកកាប់ដីព្រៃសហគមន៍ឈើទាលប្រើសក៏ដោយ ហើយចំណែកកូនលោកហេង ផល្លា នោះជាអ្នកអារច្រៀកឈើ រកស៉ីទិញលក់ឈើដឹកចេញមកស្តុកទុកនៅចម្ការស្វាយចន្ទីសម្រាប់លក់ចែកចាយបន្ត ដែលក្រុមឈ្មួញ មេឧក្រិដ្ឋជនកាប់ទន្ទ្រានដីព្រៃសមាគមន៍ឈើទាលប្រើសខាងលើ រួមទាំងអ្នកពាក់ព័ន្ធផ្សេងទៀតឃើញឈើហើយ ជួបអ្នកកាប់ហើយ បែរជាលោកវ៉ា សុខា ដឹកនាំក្រុមការងារដើរហួសធ្វើមិនដឹង ហើយឆ្លើយថា: ចាំសួរមេភូមិសិន ខ្លាចឈើគាត់យកមកធ្វើផ្ទះ។ 

តើសមត្ថកិច្ចនិងអាជ្ញាធរ ជាពិសេសមន្ត្រីជំនាញគាត់ធ្វើបែបនេះបានន័យថាម៉េច ឬក៏គាត់ធ្វើពុតជាស្ពឹកស្រពន់ ទន់ត្រគាក ដើរមិនរួច ត្រចៀកស្ដាប់មិនឮ ភ្នែកមើលមិនឃើញ ទើបធ្វើឲ្យបទល្មើសទាំងនេះ អាចប្រព្រឹត្តទៅបានយ៉ាងសកម្មជារៀងរាល់ថ្ងៃនិងយប់ដោយគ្មានការរំខានឡើយ ឬក៏លោកវ៉ា សុខា មេព្រៃរូបនេះមានចំណែករួមគនិតក្នុងការកាប់បំផ្លាញដីព្រៃសហគមន៍ខាងលើនេះដែរ ទើបទុកបណ្តោយឱ្យមានបទល្មើសទាំងនោះនៅតែបន្តដូចទឹកហូរពីលើភ្នំមិនចេះរីងស្ងួត ជួបគំនរឈើជាច្រើនប្រហែលជិត២០ម៉ែត្រគូបអត់ច្បាប់អនុញ្ញាត ឃើញហើយមិនបង្ក្រាបឆ្លើយថាចាំសួរមេភូមិសិន៕

ដោយ៖មាស សុផាត


ចែករំលែក៖