ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាស្តាបើកវ៉ាជែងជ្រុលទៅបុកម៉ូតូបណ្ដាលឱ្យយុវជនម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖​ បុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងក្នុងល្បឿនលឿន​ ហេីយបើកវ៉ាជែងឡំប្រឺតាជ្រុលទៅបុកម៉ូតូមួយគ្រឿងជិះដោយយុវជនម្នាក់ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹង​បណ្ដាលឱ្យរងរបួសធ្ងន់​ កាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៣០​ ជិតសាលាបឋមសិក្សា​ ហ៊ុន​ នាង​ ក្នុងភូមិ៦​ សង្កាត់ទូលទំពូង២ ខណ្ឌចំការមន។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាស្តាស៊េរីទំនើបមួយគ្រឿង​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BR-1223 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនមធ្យម​ ខណៈមកដល់ចំណុចកើតហេតុខាងលើបានបើកវ៉ាឡំប្រឺតាបណ្ដាលឱ្យរថយន្តចូលចំណីផ្លូវខាងម៉ូតូជ្រុលទៅបុកម៉ូតូMOOVE ចំពីមុខពេញទំហឹងបណ្ដាលឱ្យបុរសម្នាក់ភាគីខាងម៉ូតូរងរបួសធ្ងន់​ និងត្រូវបានរថយន្តរបស់បងប្អូនជនរងគ្រោះដឹកយកទៅកាន់មន្ទីរពេទ្យ​ ។ 

    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ​ រួចបានទាក់ទងបន្តទៅផ្នែកជំនាញចរាចរណ៍រាជធានីភ្នំពេញ​ មកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក​ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖