ភ្នំពេញ៖ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១៖ ក្រុមហ៊ុន Smart Axiataដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជា បានចាប់ផ្ដើមយុទ្ធនាការអក្ខរកម្មឌីជីថល ដែលមានកម្មវិធីពិភាក្សាលើប្រព័ន្ធអុិនធឺណិត និងសៀវភៅណែនាំស្ដីពីអក្ខរកម្មឌីជីថល ក្នុងបំណងជួយឱ្យប្រជាពលរដ្ឋកម្ពុជាប្រើប្រាស់ប្រព័ន្ធអិុនធឺណិតប្រកបដោយសុវត្ថិភាព ក៏ដូចជាជួយសិស្សានុសិស្សឱ្យចេះប្រើប្រាស់មុខងារឌីជីថលកាន់តែប្រសើរក្នុងការរស់នៅប្រចាំថ្ងៃ និងការសិក្សារៀនសូត្ររបស់ពួកគេ។
កម្មវិធី «សុវត្ថិភាពលើប្រព័ន្ធអុិនធឺណិត និងការការពារក្មេងវ័យជំទង់ក្នុងយុគសម័យឌីជីថល» មានចាក់ផ្សាយភាគទីមួយ និងភាគទីពីរលើទំព័រហ្វេសប៊ុក Smart for Cambodia និង ទំព័រហ្វេសប៊ុកKit Kou Kon ។ ភាគទី៣នឹងត្រូវចាក់ផ្សាយក្នុងពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ។
កម្មវិធីកិច្ចពិភាក្សានេះត្រូវបានផលិតឡើងដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា មូលនិធិៃនការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍ លើវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (CBRD) គិតគូរកូន (Kit Kou Kon) អង្គការយូនីសេហ្វកម្ពុជា និងអង្គការមិនមែន រដ្ឋាភិបាលក្នុងស្រុកដែលជាដៃគូ រួមទាំងអង្គការសកម្មភាពដើម្បីកុមារ (APLE) និងអង្គការបុត្តាភិបាលដើម្បីវឌ្ឍនសង្គមកម្ពុជា (ICS)។
កម្មវិធីពិភាក្សាតាមអនឡាញដែលមាន ៣ភាគ ហើយភាគនីមួយៗ មានរយៈពេល ២០នាទីនេះ បង្ហាញពីឱកាស និងហានិភ័យពាក់ព័ន្ធនឹងការប្រើប្រាស់អុិនធឺណិតរបស់កុមារនិងក្មេងវ័យជំទង់ ខណៈក្រុមអ្នកជំនាញក៏បានផ្ដល់ការណែនាំស៊ីជម្រៅផងដែរអំពីការចិញ្ចឹមកូនក្នុងសម័យឌីជីថលសម្រាប់អាណាព្យាបាល និងគន្លឹះវិធីសាស្ដ្រជួយឱ្យក្មេង វ័យជំទង់មានសុវត្ថិភាពលើប្រព័ន្ធអុិនធឺណិត។
ក្រៅពីការអប់រំ ក៏មានកម្មវិធីកម្សាន្ដដែលជាការសម្ដែងសិល្បៈផងដែរពីសំណាក់សិល្បៈករ និងសិល្បៈការនីល្បីឈ្មោះរួមមាន ក្រុមក្មេងខ្មែរ និងកញ្ញា ចិត្ត កញ្ជនា។
លោក Feiruz Ikhwan នាយកប្រតិបត្ដិស្តីទីរបស់ក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «ស្របពេលដែលប្រទេសកម្ពុជាកំពុង សម្រេចគោលដៅសេដ្ឋកិច្ចឌីជីថលរបស់ខ្លួន ក្រុមហ៊ុន Smartក៏កំពុងសហការជាមួយរាជរដ្ឋាភិបាលក្នុងការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការប្រែក្លាយសង្គមតាមរយៈបច្ចេកវិទ្យាឌីជីថល និងគ្រឹះសម្រាប់អក្ខរកម្មឌីជីថលក្នុងព្រះរាជាណាចក្រកម្ពុជា។ គំនិតផ្ដួចផ្ដើមនេះនឹងជួយពង្រឹងសមត្ថភាពសិស្សានុសិស្សក្នុងការប្រើប្រាស់ឧបករណ៍ឌីជីថលផ្សេងៗដើម្បីឆ្ពោះទៅកាន់របៀបរបបរស់នៅបែបឌីជីថលកាន់តែទំនើបក្នុងជីវិតប្រចាំថ្ងៃ ការងារ និងការសិក្សារបស់ពួកគេ។ កម្មវិធីពិភាក្សាលើប្រព័ន្ធអិុនធឺណិតនេះក៏នឹងផ្ដល់ការអប់រំទៅកាន់មនុស្សកាន់តែច្រើនថែមទៀតអំពីវិធីដែលពួកគេអាចការពារខ្លួនឯង និងមនុស្សជាទីស្រឡាញ់របស់ពួកគេ នៅពេលដែលពួកគេប្រើប្រាស់អុិនធឺណិត»។
ក្រុមហ៊ុន Smart និងក្រសួងអប់រំ យុវជន និងកីឡា ក៏នឹងបង្កើត “សៀវវភៅណែនាំស្តីពីអក្ខរកម្មឌីជីថល” ផងដែរ ដែលនឹងចែកចាយទៅកាន់សិស្សានុសិស្សទូទាំងប្រទេសចាប់ពីខែកុម្ភៈឆ្នាំក្រោយទៅ។ សៀវភៅមគ្គុទេសដែលមានកម្រាសជាង៣០ទំព័រនេះ នឹងអប់រំសិស្សានុសិស្សអំពីរបៀបប្រើប្រាស់អុិនធឺណិតប្រកបដោយផលិតភាព ខណៈដែលណែនាំពួកគេអំពីរបៀបការពារខ្លួនឯងផងដែរ។
អ្នកស្រី តាន់ សុដានី ប្រធាននាយកដ្ឋានគោលនយោបាយបច្ចេកវិទ្យាគមនាគមន៏និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានថ្លែងថា៖ «កិច្ចការពារកុមារលើប្រព័ន្ធអនឡាញត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដែលក្នុងនោះរួមទាំងប្រតិបត្តិករទូរគមនាគមន៍ដែរ។ ការបង្កើតឡើងនូវកម្មវិធីជជែកពិភាក្សាអំពីបញ្ហានេះរបស់ក្រុមហ៊ុនស្មាត អាស្យាតា គឺជាគំរូដ៏ល្អមួយ ដែលបង្ហាញពីការទទួលខុសត្រូវខ្ពស់របស់ប្រតិបត្តិករទូរគមនាគមន៍ក្នុងការគិតគូរពីសុវត្ថិភាពអុិនធឺណិតដល់សាធារណជន និងអតិថិជនរបស់ខ្លួន»។
ក្រុមហ៊ុន Smart Axiata បានគាំទ្រយ៉ាងស្វាហាប់ដល់ការសម្រេចគោលដៅឌីជីថលរបស់កម្ពុជា ហើយក្រុមហ៊ុនបានផ្តួចផ្តើមកម្មវិធីអប់រំបច្ចេកវិទ្យាឌីជីថលជាច្រើនរួមមានដូចជាកម្មវិធី SmartStart Young Innovator Program ដែលមានបំណងជំរុញ ផ្តល់លទ្ធភាព និងធ្វើឱ្យរីកចម្រើនគំនិតអាជីវកម្មពាក់ព័ន្ធនឹងបច្ចេកវិទ្យា និងកម្មវិធីSmartSpark ដែលជាកម្មវិធីមួយដែលណែនាំមធ្យោបាយសំខាន់ៗដើម្បីដោះស្រាយបញ្ហាប្រឈមធំៗបំផុតរបស់កម្ពុជា។
ក្នុងឆ្នាំ២០១៩ ក្រោមការសហការជាមួយក្រុមហ៊ុន Google និងសមាគម GSMA ដែលជាសមាគមពាណិជ្ជកម្មពិភពលោកសម្រាប់ប្រតិបត្តិករបណ្តាញចល័ត ក្រុមហ៊ុន Smart បានបណ្តុះបណ្តាលសិស្សានុសិស្សកម្ពុជាជាង ១.៥០០នាក់នៅក្នុងរាជធានីភ្នំពេញ និងខេត្តចំនួនពីរអំពីព័ត៌មានដែលមានប្រយោជន៍ទាក់ទងនឹងអក្ខរកម្មឌីជីថល និងសុវត្ថិភាពលើប្រព័ន្ធអុិនធឺណិត។
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីនិងសកម្មភាពទាក់ទងនឹងអក្ខរកម្មឌីជីថលរបស់ក្រុមហ៊ុន Smart Axiata សូមតាមដានទំព័រហ្វេសប៊ុក www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៧.៥ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4G LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebookក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!
https://www.youtube.com/watch?v=myrwQFLjOkA
https://www.facebook.com/smartforcambodia/videos/1064471054405663
https://www.facebook.com/smartforcambodia/videos/905088553480430/
ក្រុមហ៊ុន Smart Axiata Co., Ltd.
No. 464A, មហាវិថីព្រះមុនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា
ទូរស័ព្ទ: +855 10 201 000
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង
កញ្ញាកែវ ព្រីយ៉ានិត្យ
ទូរស័ព្ទ៖+855 10 202 157
អុីម៉ែល៖keo.priyanith@smart.com.kh