ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តលឿនបំពានភ្លើងស្តុប ជ្រុលទៅបុករថយន្តស៊េរីទំនើបបើកឆ្លងផ្លូវនិងបុកម៉ូតូ២គ្រឿងទៀត

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា ខ្លាំងហើយបានបើករថយន្តលឿនបំពាន ភ្លើងស្តុប ជ្រុលទៅបុករថយន្តស៊េរីទំនើប ដែលកំពុងបើកឆ្លងផ្លូវ រួចរេចង្កូតទៅបុកម៉ូតូ២គ្រឿងទៀត រងការខូចខាតយ៉ាងខ្លាំង តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ១០និង៥០នាទីយប់ថ្ងៃចន្ទ ទី ២៧ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវលេខ២១៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកToyota Fortuner ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BI-9092 បើកបរតាមបណ្ដោយផ្លូវលេខ២១៤ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុបានបើកឆ្លងភ្លើងស្តុបពណ៌ខៀវ ហើយពេលបើកដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខលេខ ភ្នំពេញ 2BI-8603 បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រាធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន បើកទាំងបំពានភ្លើងស្តុប បានជ្រុលទៅបុករថយន្តម៉ាកToyota Fortuner ពីក្រោយចំហៀងខាងឆ្វេងរងការខូចខាត ហើយរថយន្តបន្តទៅបុកម៉ូតូ២គ្រឿងទៀត បណ្តាលឱ្យរងការខូចខាតផងដែរតែមិនមានអ្នករងរបួសធ្ងន់ឡើយ ភ្លាមៗនោះអ្នកបើករថយន្តបង្កបានព្យាយាមរត់គេច តែត្រូវសមត្ថកិច្ចតាមឃាត់បាន។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ឱ្យភាគីទាំងអស់ធ្វើការ សម្របសម្រួលគ្នា តែនិយាយគ្នាមិនត្រូវទើបសមត្ថកិច្ចជំនាញចរាចរណ៍វាស់វែង យករថយន្តពីរគ្រឿង និងម៉ូតូ២គ្រឿងទៀតទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖