ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកនេះ នគរបាលព្រហ្មទណ្ឌខេត្តពោធិ៍សាត់ទៅទទួលយកឃាតកនៅខេត្តសៀមរាប បន្ទាប់ពីកាប់សម្លាប់គូទំនាស់យ៉ាងឃោរឃៅ

ចែករំលែក៖

     ខេត្តពោធិ៍សាត់ ៖ គ្រាន់តែចំអន់លេងក្នុងវង់ផឹកសុីមួយបានឈានដល់មានទំនាស់ពាក្យសម្ដី រហូតក្លាយជាអំពើហិង្សាកាប់សម្លាប់គ្នាយ៉ាងឃោរឃៅដូចសត្វធាតុ។ ក្រោយកើតហេតុជនសង្ស័យជាឃាតកបានរត់គេចទៅជាប់អន្ទាក់សមត្ថកិច្ចនៅខេត្តសៀមរាប ។

  ដោយមានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកឧត្ដមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ លោកឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននរគបាលខេត្ត បានដឹកនាំកម្លាំងជំនាញទៅទទួលយកជនសង្ស័យជាឃាតកពីសមត្ថកិច្ចនៅខេត្តសៀមរាប បន្ទាប់ពីជននេះរត់គេចខ្លួនក្រោយធ្វើសកម្មភាពរួច ប៉ុន្តែត្រូវបានកម្លាំងជំនាញរបស់យើងសហការជាមួយបណ្ដាខេត្តឲ្យជួយស្ទាក់ចាប់ជននេះយកមកអនុវត្តច្បាប់ ។

 ជនដៃដល់ជាឃាតកដែលបានទទួលយកពីសមត្ថកិច្ចនៅសៀមរាបនេះឈ្មោះ ញ៉ម អាន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិរគាំង ឃុំអូរប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ បានប្រើកាំបិតកែច្នៃជាអាវុធកាប់ជនរងគ្រោះចំោកចំនួន៣កាំបិតដាច់ឆ្អឹងដងកាំបិតបណ្ដាលឱ្យស្លាប់ភ្លាមៗ។ នេះបើតាមការបញ្ជាក់ពីលោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌខេត្តពោធិ៍សាត់។

 ដោយឡែក លោក វរសេនីយ៍ឯក នាង វុធ អធិការនៃអធិការដ្ឋាននគរបាលស្រុកបាកានបានឱ្យដឹងដែរថា ករណីឃាតកម្មកាប់សម្លាប់ខាងលើបានកើតឡើងនៅវេលាម៉ោង២១ និង១០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ត្រង់ចំណុចក្បែរវត្តទួលរគាំង ស្ថិតនៅភូមិរគាំង ឃុំអូរប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយជនរងគ្រោះ(ស្លាប់)ឈ្មោះ វ៉ាំង សុខហេង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ជាមួយជនដៃដល់ដែរ ។

  លោកអធិការនគរបាលស្រុកបន្តទៀតថា មូលហេតុនៃអំពើឃាតកម្មនេះគឺមកពីមានទំនាស់ពាក្យសម្ដីគ្នាឈានដល់អំពើហិង្សាកាប់សម្លាប់នេះ បន្ទាប់ពីចំអន់គ្នាលេងនៅកន្លែងផឹកសុីស្ថិតនៅផ្ទះឈ្មោះ យ៉ែម សារុំ ភេទប្រុស អាយុ២៩ឆ្នាំ ក្បែរកន្លែងកើតហេតុ ដោយជនរងគ្រោះ(វ៉ាំង សុខហេង)បាននិយាយចំអន់លេងទៅកាន់ជនសង្ស័យដៃដល់(ញ៉ម អាន)ថា រៀបការយូរហើយគ្មានកូននឹងគេសោះ អន់ជាងមាន់ទៅទៀត ធ្វើឱ្យជនសង្ស័យ(ញ៉ម អាន)ខឹងយ៉ាងខ្លាំង ប៉ុន្តែត្រូវបានបក្ខពួកក្នុងវង់ផឹកឃាត់ និងចាប់បំបែកគ្នាបាន ហើយភ្លាមនោះ(ញ៉ម អាន)បានជិះម៉ូតូចេញទៅបាត់ អ្នកផឹកសុីជុំគ្នាស្មានតែចប់រឿង បែរជា(ញ៉ម អាន)ទៅផ្ទះយកកាំបិតជិះម៉ូតូទៅរកជនរងគ្រោះ(វ៉ាំង សុខហេង)ដល់ផ្ទះ ប៉ុន្តែរកមិនឃើញក៏ជិះម៉ូតូត្រឡប់មកវិញ ចៃដន្យឃើញជនរងគ្រោះ(វ៉ាំង សុខហេង)រួមដំណើរដោយម៉ូតូជាមួយបងប្រុសបង្កើត ក៏ស្ទុះទៅកាប់សម្លាប់យ៉ាងឃោរឃៅតែម្ដង។ បន្ទាប់ពីទទួលបានដំណឹងនេះកម្លាំងរបស់លោកបានចុះទៅដល់កន្លែងកើតហេតុឃើញជនរងគ្រោះស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មទៅហើយ។ ចំណែកជនដៃដល់រត់គេចបាត់ ទើបព័ទ្ធខ្សែដាក់កម្លាំងយាមកាមរង់ចាំមន្រ្តីចុះធ្វើកោសល្យវិច័យ៕

ដោយ៖ បុឹម ពិន


ចែករំលែក៖